(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការស្តីពី «យុវជន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលមានការចូលរួមពីលោក ព្រួញ រិទ្ធថា ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត, ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគបាលខេត្ត គណៈកម្មាធិការសាខា អនុគណៈកម្មការសុវត្ថិភាពចរាចណ៍ផ្លូវគោកខេត្ត ការិយាល័យចរាចណ៍ មន្ត្រីប្រតិបត្តិសាខាយុវជនកាកបាទក្រហមកម្ពុជា ក្រុមកាយរិទ្ធនារីខេត្ត សរុបចំនួន៥០នាក់ ។

យុទ្ធនាការនេះមានសំណួរ-ចំលើយដើម្បីដាស់ស្មារតីដល់បងប្អូរប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងគ្នាដើម្បីសុវត្ថិភាពរបស់ខ្លួនផងដែរ និងមានរង្វន់លើកទឹកចិត្តទៀងផង។

នាឱកាសនោះលោក សុខ លូ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមាន យុវជនកាកបាទក្រហមកម្ពុជា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានចំណាយពេលវេលា កម្លាំងកាយ និងឆន្ទៈមុតមកចូលរួមយុទ្ធ
នាការនេះ។

លោកប្រធានបានបន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះ ជារៀងរាល់ឆ្នាំ ព្រោះកាកបាទក្រហមកម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ និងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូល រួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាតាមតែអាចធ្វើទៅបាន។  គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមចម្បងមួយ បានសំលាប់ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ ក្នុង១ឆ្នាំៗ។

នាឱកាសដែលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ លោក សុខ លូ  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម មហោទរា ទេវី ដែលជាបុត្រីទី ៧របស់កបិលមហាព្រហ្ម សូមប្រទានពរជ័យជូនក្មួយៗនិងបងប្អូនទាំងអស់ទៅដល់ទីណាសូមមានសុវត្ថិភាព និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ៕