(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ក្រោមអធិបតីភាពរដ្ឋមន្ដ្រី ថោ ជេដ្ឋា និងលោកស្រី។

សូមជម្រាបថា ពិធីនេះបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។

ក្នុងពិធីនេះដែរ លោករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះភិក្ខុសង្ឃគ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះ មហាគ្រួសារ ក្រសួង ធនធានទឹក និង ឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង អាជ្ញាធរទន្លេសាប ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរគ្រប់ៗរូប ជានិច្ចនិរន្តរ៍តរៀងទៅ។

ជារៀងរាល់ឆ្នាំ ក្រសួងធនធានទឹក និង ឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង អាជ្ញាធរ ទន្លេសាប បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ និងបាននិមន្តព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល។

គួរបញ្ជាក់ថា ពិធីតាមបែបសាសនានេះប្រារព្ធឡើង ជាការជូនដំណើរឆ្នាំចាស់ និងទទួលអំណរ ឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ជាពិសេសការត្រៀមទទួលស្វាគមន៍ទេវតា ឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ១០:២៤ នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ៕