(រតនគិរី)៖ ប្រជាពលរដ្ឋជាច្រើននាក់ បានឱ្យដឹងថា នាពេលថ្មីៗនេះមានជនជាតិវៀតណាមជាច្រើននាក់ បានសម្រុកចូលទឹកដីខ្មែរដោយខុសច្បាប់តាមច្រករបៀងមួយចំនួន តាមក្រវ៉ាត់ព្រំដែនក្នុងភូមិសាស្ត្រទឹកដីតាវែង និងស្រុកអណ្តូងមាស ដើម្បីចូលមករំលំដើមសំរ៉ងព្រៃ ធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ ដើម្បីយកផ្លែដឹកចូលទៅប្រទេសវៀតណាម។ ជាមួយនឹងសកម្មភាពទាំងនេះ ពលរដ្ឋស្នើសុំអាជ្ញាធរខេត្តរតនគិរី ជួយទប់ស្កាត់ជនជាតិវៀតណាម ដែលចូលកាប់រំលំដើមសំរ៉ងរើសយកផ្លែ នៅតំបន់អូរចាដង់យ៉ល (តំបន់កន្ទុយនាគ)នេះផង។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ប្រជាពលរដ្ឋ បានបញ្ជាក់ថា ការចូលកាប់ដើមសំរ៉ងរើសយកផ្លែនេះដែរ អាចមានការបើកដៃពីមន្ត្រីបរិស្ថាន, កម្លាំងយោធា, កម្លាំងនគរបាល ពិសេសពីមេបញ្ជាការកង អនុសេនាធំលេខ៣ ចំណុះវរសេនាតូចលេខ២ (យោធា) និងលោកមេប៉ុស្តិ៍កន្ទុយនាគ ចំណុះវរសេនាតូចការពារព្រំដែនលេខ២០៣(នគរបាល)។

កន្លែងខ្លះជនជាតិខ្មែរ ជាអ្នកកាប់រំលំ និងកន្លែងខ្លះទៀតជនជាតិវៀតណាមជាអ្នកកាប់រំលំ ដោយប្រើរណាយន្តទំនើប (មិនឭសំលេងមកក្រៅ)។ មិនតែប៉ុណ្ណោះជនជាតិវៀតណាម ជាអ្នកប្រមូលទិញក្នុងព្រៃរួចដឹកឆ្លងដែនកាត់ តាមប៉ុស្តិ៍កន្ទុយនាគ ដែលទីផ្សារនៅប្រទេសវៀតណាមកំពុងត្រូវប៉ាន់ខ្លាំង។

ទាក់ទិនទៅនឹងករណីជនជាតិវៀតណាមសម្រុកចូលមកកាប់រំលំដើមសំរ៉ង បំផ្លាញធនធានធម្មជាតិនៅចំណុចអូរចាដងយ៉ល រហូតដល់តំបន់កន្ទុយនាគ ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានទំនាក់ទំនងតាមប្រព័ន្ធTelegram ទៅលោក ស៊ូ សិរី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី បានបញ្ជាក់យ៉ាងខ្លីថា ដល់រដូវប្រមូលផលផ្លែសំរ៉ងប្រជាពលរដ្ឋខ្មែរទៅបេះ ទៅអង្រួញរើសយកផ្លែ។ ដោយឡែកប្រជាពលរដ្ឋវៀតណាម ចូលមកពួកគាត់ជាឈ្មួញកណ្តាលទិញទៅលក់បន្ត ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើពលរដ្ឋវៀតណាមចូលមកដីខ្មែរ (ខុសច្បាប់ ឬត្រូវច្បាប់នោះទេ)។

គួររំលឹកថាកន្លងទៅថ្មីៗនេះ មានពលរដ្ឋវៀតណាមចំនួន២៦នាក់ និងគ្រឿងចក្រជាច្រើនគ្រឿង ធ្វើសកម្មភាពជីករ៉ែមាសនៅភូមិសាស្ត្រស្រុកតាវែង (កន្ទុយនាគ) ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាប លុះរដូវប្រមូល ផលផ្លែសំរ៉ង មានពលរដ្ឋវៀតណាមចូលមកតំបន់នេះ ដោយគ្មានការត្រួតពិនិត្យពីសមត្ថកិច្ចប្រចាំការទីនោះទេ៕