(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារបក្ស ចុះជួយមូលដ្ឋានខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ពិធីនេះមានការអមដំណើរដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ព្រមទាំងក្រុមការងារជាច្រើនរូបទៀត នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបានពាំនាំនូវការផ្ដាំផ្ញើសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ព្រមទាំងសម្តេចអនុប្រធាន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងទាំងអស់នៅខេត្តកោះកុង។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកសាងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាទដៃទទេ រហូតប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ពិសេសជាងនេះ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា ជំនះបានដោយជោគជ័យលើការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងជាសកលកូវីដ១៩ ដោយបានគិតគូរយកចិត្តទុកដាក់ផ្ដល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយឥតគិតថ្លៃ រហូតបើកប្រទេសឡើងវិញប្រកបដោយប្រសិទ្ធិភាព, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាជនពិការ អូឡាំពិកអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ ដែលបានធ្វើឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីកម្ពុជា។

សម្តេចបានបន្ថែមថា សមិទ្ធផលទាំងនេះសុទ្ធតែបានមកពីផ្លែផ្កានៃកត្តាសុខសន្តិភាព របស់កម្ពុជា ដោយការយកជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងសមាជិក សមាជិកាស្ថាបនិករបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧។ ដូច្នេះដើម្បីការពារសុខសន្តិភាព យើងទាំងអស់គ្នា ដែលជាស្ថាបនិក និងជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាចិត្តចូលរួមក្នុងការការពារសុខសន្តិភាព ឱ្យរឹងមាំស្ថិតស្ថេរជានិរន្ត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅរួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ គ្រប់ការលំបាក និងចេះជួយគ្នាគ្រប់គ្រាមានអាសន្ន, ផ្ដល់ការលើកស្ទួយសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងយុត្តិធម៌សង្គម, ការពារកម្មសិទ្ធិស្របច្បាប់ជូនប្រជាជន។

សម្តេចបានបានសង្កត់ធ្ងន់ថា មានសន្តិភាព ទើបមានការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ, មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺការពារសន្តិភាព និងស្ថិរភាព។ ដូច្នេះចូរយើងទាំងអស់គ្នា រួមគ្នាថែរក្សាសន្តិភាព សាមគ្គីជាតិ និងការអភិវឌ្ឍ មិនឱ្យជនណាមកបំផ្លាញបានឡើយ។ បោះឆ្នោតជូនគណបក្សប្រជាជន ធានាការផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយគុណភាព និងការជឿទុកចិត្តបន្ត មិនយកពន្ធលើដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ,បន្តដំឡើងបៀវត្សជូនមន្ត្រីរាជការ កងទ័ព និងនគរបាល និងដំឡើងប្រាក់សោធននិវត្ត,បន្តដំឡើងប្រាក់ឈ្នួល និងលើកកម្ពស់លក្ខខណ្ឌការងាររបស់កម្មករនិយោជិត និងបង្កើនជំនួយសង្គមជួយគ្រួសារក្រីក្រ និងងាយរងគ្រោះឱ្យមានលំនឹងក្នុងការរស់នៅ។

នាឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឧបត្ថម្ភថវិកាដល់គណៈអចិន្ត្រៃយ៍បក្សស្រុកនូវថវិកា ១,១០០,០០០រៀល, ក្រុមប្រឹក្សាឃុំទាំង៣ ចំនួន ២,៤០០,០០០រៀល និងអង្គបោះឆ្នោត ក្រុមប្រឹក្សាស្រុកពេញសិទ្ធិ និងបម្រុងចំនួន ១,៤០០,០០០រៀលផងដែរ៕