(កំពង់ចាម)៖ ដោយមានបទពិសោធន៍ក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅ មានក្រុមអាជីវករមួយចំនួនបានឆ្លៀតឱកាសតំឡើងថ្លៃទំនិញ និងអាហារហូបចុក ពិសេសតាមរមណីយដ្ឋាននានា ទើបមុនពេលបុណ្យចូលឆ្នាំថ្មីមកដល់នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យមន្ត្រីជំនាញ បានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើកិច្ចការដើម្បីរក្សាតម្លៃទំនិញ ក៏ដូចជាអាហារផ្សេងៗ ឲ្យមានលំនឹងធម្មតាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីពាក់ព័ន្ធដូចនេះ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីមានសមាជិកក្រុមប្រឹក្សាខេត្តលើកអំពីបញ្ហានេះ ក្នុងអង្គប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

លោកអភិបាលខេត្ត បានបន្តថា សង្ក្រាន្តឆ្នាំថ្មីនេះសូមឱ្យគណៈកម្មការ និងមន្ត្រីពាក់ព័ន្ធរៀបចំថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អ ទន្ទឹមនឹងនេះសូមឱ្យមន្ត្រីពាក់ព័ន្ធចុះណែនាំ និងធ្វើកិច្ចសន្យាជាមួយអាជីវករលក់ដូរ តាមអាហារដ្ឋាន ជាពិសេសនៅតំបន់រមណីយដ្ឋាននានា ដើម្បីរក្សាតម្លៃឲ្យដូចថ្ងៃធម្មតា។ ជាមួយគ្នានេះដែរគ្រប់កន្លែងផ្ញើរយាន្តជំនិះ មន្ត្រីពាក់ព័ន្ធ ត្រូវចុះសម្របសម្រួល ធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់ទីតាំង ដោយមិនអនុញ្ញាតឱ្យយកតម្លៃលើសពីការកំណត់ឡើយ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា វិធានការខាងលើនេះសូមឱ្យមន្ត្រីពាក់ព័ន្ធអនុវត្តឲ្យបានម៉ឺងម៉ាត់ ក្នុងគោលបំណងធ្វើឲ្យបរិយាកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងនេះ ប្រព្រឹត្តទៅដោយរលូននឹងជោគជ័យ ថែមទាំងបន្សល់ទុកនូវអនុស្សាវរីយ៍ ភាពសប្បាយរីករាយនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិផងដែរ៕