(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់កុដិថ្មថ្មីក្លោងទ្វារ និងសមិទ្ធផលនានានៅក្នុងវត្ត ក្រពុំរ័ត្ន ហៅស្រីរងិត ស្ថិតក្នុងភូមិស្រីរងិត ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

នាឱកាសនោះលោក សាយ គឹមឡម បានថ្លែងអំណរគុណ និងកោតសរសើរក្រៃលែងដល់ស្មារតីរួបរួមសហការសាមគ្គីគ្នា ក្នុងការលះបង់កម្លាំងកាយ ចិត្ត បច្ច័យ របស់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងការកសាងកុដិថ្មី និងសមិទ្ធផលនានាដែលសម្ពាធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាសនៅពេលនេះ ដែលជាការសន្សំនូវបុញ្ញនិធិសម្រាប់ទាំងជាតិនេះនិងអនាគតជាតិ។

លោកក៏បានណែនាំដល់ព្រះគ្រូចៅអធិការ ព្រះសង្ឃ លោក អាចារ្យ គណកម្មការ ត្រូវរួបរួមសហការគ្នាថែមទៀត ក្នុងការកសាងអភិវឌ្ឍន៍ វត្តរបស់ខ្លួនឲ្យកាន់តែមានការរីកចម្រើន ហើយត្រូវបង្កើនស្មារតីក្នុងការដាំដុះដើមឈើ ធ្វើសួនបៃតងថ្មីៗ ឲ្យបានច្រើននិងស្រស់បំព្រងដែលជាផ្នែកមួយនៃការលើកកម្ពស់បរិស្ថាន ក្នុងបរិបទកម្តៅបរិយាកាសកើនឡើងដូចសព្វថ្ងៃ។

លោក សាយ គឹមឡម បានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋាន ត្រូវរួមគ្នាថែរក្សាការពារធនធានធម្មជាតិ ជាពិសេសព្រៃលិចទឹកនៅតំបន៣ ឲ្យបានគង់វង្ស ដើម្បីទុកជាកេរ្តិ៍តំណែលសម្រាប់មនុស្សជាតិ និងកូនចៅជំនាន់ក្រោយ និងជីវចម្រុះផងដែរ។

គួរបញ្ជាក់ផងដែរថា កុដិថ្មីដែលសម្ពោធនៅក្នុងឱកាសនេះមានទំហំ ១២ម៉ែត្រ គុណនឹង ៧ម៉ត្រ ហើយគណអធិបតី និងសហការី បានចូលរួមបច្ច័យចំនួន៤.០០០.០០០រៀល ក្នុងកម្មវិធីបុណ្យនេះផងដែរ៕