(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១១ ខែមេសា ឆ្នាំ២០២៤​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណ:ប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់ពីទស្សនកិច្ចទៅកាន់ប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំរណសិរ្ស៣ប្រទេស កម្ពុជា ឡាវ វៀតណាម ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ ក្នុងរដ្ឋធានីវៀងចន្ទន៍ ក្នុងរយៈពេល៣ថ្ងៃកន្លងទៅនេះប្រកបដោយផ្លែផ្លា។

នៅក្នុងដំណើរទស្សន:កិច្ចនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានជួបសវនាការការងារជាមួយ៖ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (SONEXAY SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, លោកបណ្ឌិត ស៊ិនឡាវង្ស ឃុតផៃធូន (SINLAVONG KHOUTPHAYTHOUNE) ប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងលោក ថោងលុន ស៊ីសុលីត (THONGLOUN SISOULITH) អគ្គលេខាធិការ បក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ទន្ទឹមនឹងនោះផងដែរ ថ្នាក់ដឹកនាំរណសិរ្សទាំង៣ប្រទេស បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដំណាក់កាល២០២៣-២០២៦ ដែលផ្តោតសំខាន់ទៅលើ៖

*ទី១៖ ការងារអប់រំ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន
*ទី២៖ ជំរុញ និងលើកទឹកចិត្តរាល់សកម្មភាពកិច្ចសហប្រតិបត្តិការ នៅថ្នាក់មូលដ្ឋាន
*ទី៣៖ ប្រារព្ធ និងអបអរសាទរ ពិធីបុណ្យជាតិ និងខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរបស់ប្រទេសទាំង៣
*ទី៤៖ ការរៀបចំសនិ្នសីទ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច
*ទី៥៖ ជំរុញ និងលើកទឹកចិត្តរាល់សកម្មភាព កិច្ចសហប្រតិបត្តិការរណសិរ្សបីប្រទេស
*ទី៦៖ ការចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន៕