(ស្វាយរៀង)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញបើកការដ្ឋានសាងសង់ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀងដែលមានតម្លៃជាង៣០លានដុល្លារ និងមានសមត្ថភាពអាចផ្គត់ផ្គង់ទឹកស្អាតបាន ៦.៨០០ម៉ែត្រគូបក្នុងថ្ងៃ។ 

ពិធីបើកការដ្ឋាននេះមានការចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង, លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា ព្រមទាំងលោក លោកស្រីប្រតិភូអមដំណើរ លោកអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក ក្រុង,មន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានថ្លែងថា គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុនសរុបចំនួន ៣.៩៨ ពាន់លានយ៉េនជប៉ុន ដែលស្មើនឹងប្រមាណ ៣០.៦០លានដុល្លារអាមេរិក។

លោកបានបន្ថែមថា ប្រទេសជប៉ុនបាន និងកំពុងសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន ហើយលោកជឿជាក់ថា ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ លើសពីនេះក៏សូមលើកឡើងពីសមិទ្ធផលដែលយើងសម្រេចបានក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតដោយមានប្រវត្តិសាស្ត្រយូរអង្វែងនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់នេះ ហើយប្រទេសជប៉ុនបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការរស់នៅរបស់ប្រជាជន។ នេះជាការពិតជាពិសេសទាក់ទងនឹងគម្រោងជោគជ័យក្នុងទីក្រុងភ្នំពេញ ដែលត្រូវបានគេចងចាំថាជា «ភ្នំពេញអច្ឆិយៈ»

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតជប៉ុន សង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីក្នុងខេត្តស្វាយរៀងនេះ ដែលបានកំណត់យកខែធ្នូ ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបញ្ចប់ការសាងសង់ នឹងត្រូវបានអនុវត្តយ៉ាងរលូន និងជោគជ័យ ហើយនឹងរួមចំណែកដល់ការរស់នៅឲ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

លោក ប៉េង ពោធិ៍សា បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង ប្រជាពលរដ្ឋនៅក្រុងស្វាយរៀង សូមសម្តែងការដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលជានិច្ចជាកាលបានផ្តល់ជំនួយឥតសំណងជាបន្តបន្ទាប់ ដើម្បីគាំទ្រវិស័យទឹកស្អាតរបស់កម្ពុជា។ ការគាំទ្រទាំងនេះបានបន្តចូលរួមលើកកម្ពស់វិបុលភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានបន្សល់ទុកនូវមរតកដែលមិនអាចបំភ្លេចបាន នៅក្នុងដំណើរអភិវឌ្ឍន៍សង្គម- សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅក្រុងស្វាយរៀង បានប្រើប្រាស់ទឹកស្អាត ដែលជាការលើកកម្ពស់សុខមាលភាពជូនពលរដ្ឋផងដែរ។

នាឱកាសនោះដែរលោក ហែម វណ្ណឌី បានឱ្យដឹងថា គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការនៅខែកុម្ភៈ ឆ្នាំ២០២៤ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥ គម្រោងនេះបង្ហាញនូវវឌ្ឍនភាពថ្មីមួយដ៏សំខាន់ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តស្វាយរៀង។

លោកបានបន្តថា ផ្អែកលើភាពជោគជ័យនៃកិច្ចខិតខំកន្លងមក ដូចជាគម្រោងកសាងសមត្ថភាពអង្គភាព រដ្ឋាករទឹកសាធារណៈជំហានទី២ និងជំហានទី៣ ដែលបានបញ្ចប់ និងគម្រោងរៀបចំប្រព័ន្ធទិន្នន័យគ្រប់គ្រងបណ្តាញទឹកស្អាត (Mapping System) ដែលកំពុងអនុវត្តគម្រោងថ្មីនេះត្រូវបានរំពឹងថា នឹងបង្កើនសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វាយរៀងដល់ ៦.៨០០ម៉ែត្រគូបក្នុង១ថ្ងៃ។ នៅឆ្នាំ២០២៧ ពោលគឺ ២ឆ្នាំក្រោយការបញ្ចប់គម្រោងប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងអស់ត្រូវបានព្យាករណ៍ថានឹងមានទឹកស្អាតប្រើប្រាស់ ដែលនេះជាការបោះជំហានមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសហគមន៍។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏សូមឱ្យចំណងមិត្តភាព សាមគ្គីភាព និងឧត្តមភាពនៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន រឹងមាំ ស្ថិតស្ថេរជាអមតៈ៕