(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (ស.អ.ភ.) ​បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាង ក្រសួងប្រៃសណីយ៍ និង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដើម្បីដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ«ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh» លើសញ្ញាបត្រដែលចេញដោយ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងក្រសួងប្រៃសណីយ៍។

ក្រុមការងារជំនាញរបស់ក្រសួង បានសហការក្នុងការរៀបចំប្រព័ន្ធ និងបានបញ្ចប់រួចរាល់នូវការដាក់បញ្ចូល QR Code រួមមានដូចខាងក្រោម៖
* សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១ ជំនាន់ទី២ និងជំនាន់ទី៣
* សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៦ ជំនាន់ទី៧ និងជំនាន់ទី៨

សូមបញ្ជាក់ផងដែរថា សញ្ញាបត្រដែលមានដាក់បញ្ចូល QR Code អាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងអាចប្រើប្រាស់ជាផ្លូវការដោយមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងនៃសញ្ញាបត្រ ក្នុងទម្រង់ជាក្រដាសឡើយ។

ទន្ទឹមនឹងនេះក្រសួងប្រៃសណីយ៍ និង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ នឹងបន្តសហការដាក់បញ្ចូល QR Code លើសញ្ញាបត្រចេញដោយ ​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ជូនអតីតនិស្សិតដែលបានបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ដែលនឹងអនុញ្ញាតឱ្យអតីតនិស្សិតនៃ​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ទទួលបានសញ្ញាបត្រដែលមាន QR Code ជាឯកសារទន់ (Soft Copy) តាមរយៈសេចក្ដីជូនដំណឹងនាពេលខាងមុខឆាប់ៗនេះ​៕