(តាកែវ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ដូចមុនពេលកូវីដ១៩ រាតត្បាត ឱ្យឆាប់រហ័សជាទីបំផុត ដែលចំណុចនេះគឺជាគោលបំណងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំបន្តវេនពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីឆ្នាំ២០១៩ ពិភពលោកចាប់ផ្តើមមានជំងឺរាតត្បាតបូកជាមួយអតិផរណាសេដ្ឋកិច្ច បន្ទាប់មកសង្គ្រាមផ្ទុះផ្ទួនៗទៀត ប៉ុន្តែ សេដ្ឋកិច្ចរបស់កម្ពុជា មកដល់ម៉ោងនេះបើទោះមានការថយចុះបន្តិចជំនាន់កូវីដ១៩ ប៉ុន្តែ សេដ្ឋកិច្ចក៏បានកើនឆ្នាំទៅ ៥,៦ភាគរយ ឆ្នាំ២០២៤រំពឹង ៦,៦ភាគរយ តាមរយៈការធានានូវលំនឹង ហើយស្ថានភាពសេដ្ឋកិច្ចកើនឡើង បើទោះបីចំណូលប្រជាពលរដ្ឋអាចប៉ះពាល់ ដោយសារបញ្ហាអតិផរណា ប៉ុន្តែនៅពេលជាមួយគ្នាសេដ្ឋកិច្ចរបស់កម្ពុជា នៅមានការរស់រវើក តាមរយៈការបន្តបណ្តាក់ទុនវិនិយោគថ្មីៗដែលនេះមានជាក្តីសង្ឃឹមនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា បញ្ហាវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប៉ះពាល់ជាសាកល ខណៈមានក្រុមហ៊ុនបរទេសជាច្រើន ត្រូវបានបិទ ឬបិទសាខា។ សម្រាប់ប្រទេសកម្ពុជា មកដល់ម៉ោងនេះកំណើនសេដ្ឋកិច្ចគឺបានរក្សាលំនឹង ហើយរាជរដ្ឋាភិបាលបានកំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ហើយវិស័យវិស័យទេសចរណ៍ក៏បានជំរុញឱ្យមានកំណើនឡើងវិញ ព្រមទាំងវិស័យមួយជំនួនជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា បន្ទាប់ពីវិបត្តិរាតត្បាតជំងឺកូវីដ១៩ ព្រមទាំងបញ្ហាវិបត្តិសង្គ្រាមផ្ទួនៗគ្នានៅបណ្តាប្រទេសមួយចំនួន គឺជាដំណាក់កាលមួយដែលកម្ពុជា កំពុងតែខិតខំប្រឹងប្រែងស្តារ និងមានកំណើនសេដ្ឋកិច្ចឡើងវិញ នេះហើយគឺជាអ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា កំពុងតែខិតខំប្រឹងរុញច្រានលើគ្រប់វិស័យនានា ដើម្បីបង្កើនការងារ មុខរបរជូនប្រជាពលរដ្ឋ និងសង្ឃឹមថាប្រជាពលរដ្ឋរួមគ្នាជជាមួយរាជរដ្ឋាភិបាលឆ្លងកាត់ដំណាក់កាលមួយដ៏លំបាកនេះ។ ពិភពលោកទាំងមូលមិនងាយជួបផ្ទួយៗបែបនេះនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ហើយបងប្អូនប្រជាពលរដ្ឋនៅទីនេះ ខ្ញុំគិតថា យើងរស់នៅផ្ទាល់យើងទទួលផ្ទាល់រាជរដ្ឋាភិបាលក៏ដោយ ចំណូលប៉ុន្មានឆ្នាំនេះមានការប៉ះពាល់រាជរដ្ឋាភិបាលនឹងបន្តធ្វើយ៉ាងណាដើម្បីឱ្យលំនឹងសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច កាន់តែឆាប់ត្រឡប់មកវិញដើម្បីធ្វើយ៉ាងណាឱ្យការវិវត្តន៍សេដ្ឋកិច្ចយើង ជីវភាពរបស់របស់ប្រជាជនរបស់យើងកាន់តែកើនឡើងដូចមុនកូវីដ១៩ ឱ្យឆាប់រហ័សជាទីបំផុតនេះជាគោលបំណងរបស់រាជរដ្ឋាភិបាល»

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំពោះការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិផ្ទួនៗនេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើជាច្រើនមកហើយ ជាពិសេសរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលអត់បានឈប់សម្រាកនោះទេ។ រាជរដ្ឋាភិបាលអាណត្តិទី៧ អត់មានរាត្រីទឹកឃ្មុំ ដូចការលើកឡើងពីសំណាក់បុគ្គលមួយចំនួននោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលនឹងពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីបម្រើសេចក្តីសុខ និងតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ដរាបគណបក្សប្រជាជនមានឱកាសដឹកនាំប្រទេស នោះរាជរដ្ឋាភិបាល នឹងអភិវឌ្ឍន៍ឱ្យរីកចម្រើនគ្រប់តំបន់ រក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ធ្វើហេដ្ឋារចនាសម្ព័ន្ធ បង្កើនគុណភាពអប់រំជូនប្រជាពលរដ្ឋ ដើម្បីភាពសម្បូរសប្បាយជូនប្រជាពលរដ្ឋ៕