(ភ្នំពេញ)៖ បច្ចុប្បន្នបញ្ហារវាងម្ចាស់បុរីលំនៅដ្ឋាននិងប្រជាពលរដ្ឋជាអតិថិជន គឺជាបញ្ហាសំខាន់មួយសម្រាប់ប្រជាពលរដ្ឋដែលត្រូវការផ្ទះសម្បែងផ្ទាល់ខ្លួន, នៅចំពោះមុខដំណាក់កាលពិបាកនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងជួយដោះស្រាយបញ្ហាជាបន្តបន្ទាប់នេះហើយ មិនបានដេកមើលការលំបាករបស់ប្រជាពលរដ្ឋលើបញ្ហានេះនោះឡើយ និងសំណូមពរឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា ជាការពិតណាស់ បញ្ហាផ្ទះបុរីមានបញ្ហាគាំងដោយសារបញ្ហាកូវីដ តែរាជរដ្ឋាភិបាលក៏កំពុងខិតខំដោះស្រាយជាបន្តបន្ទាប់ ជាលំដាប់លំដោយ គ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ។ យើងមិនអាចយករូបមន្តសម្លាប់មេមាន់នោះទេ យើងត្រូវធ្វើយ៉ាងម៉េចឱ្យមេមាន់នៅរស់ ដើម្បីមានពងមាន់សម្រាប់បង្កើនចំនួនមេមាន់ ឬយកពងមាន់ខ្លះមកធ្វើម្ហូបអាហារជាដើម។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលមិនបានដេកមើលការលំបាករបស់ប្រជាជននោះទេ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងនេះ បាននិងកំពុងធ្វើការប្រចាំថ្ងៃជាមួយបុរី ជាមួយប្រជាពលរដ្ឋដែលជាអ្នកទិញ ដើម្បីដោះស្រាយបន្តិចម្ដងៗ ក្នុងនោះមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបាននិងកំពុងដោះស្រាយជាបន្តបន្ទាប់»

សម្ដេចធិបតីសូមឱ្យប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល ការខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺជាគោលដៅធំបំផុត ហើយធ្វើយ៉ាងម៉េចឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មានលំនឹងក្នុងការបន្តកសាង-ប្រគល់ផ្ទះជូនអតិថិជនរបស់ខ្លួន។

«ទោះជាយ៉ាងណា យើងមិនអាចបំផ្លាញសេដ្ឋកិច្ចក្នុងរយៈពេលលំបាកនេះបានឡើយ សេដ្ឋកិច្ចវាតែងមានឡើងមានចុះ ពេលលំបាកយើងត្រូវតែរួមគ្នាដោះស្រាយ នៅពេលជោគជ័យនោះប្រជាពលរដ្ឋយើងនឹងមានជីវភាពឡើងមួយកម្រិតទៀត» នេះជាការបន្ថែមរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។

សម្ដេចធិបតីបានតាមដានចំពោះបញ្ហារបស់ប្រជាពលរដ្ឋជាមួយបុរីលំនៅដ្ឋាន និងបានចេញគោលការណ៍ឱ្យរដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ ក៏ដូចជាធនាគារជាតិនៃកម្ពុជា អនុវត្តកិច្ចដោះស្រាយបញ្ហាដើម្បីបន្ថយសម្ពាធហានិភ័យ។ ម្យ៉ាងទៀត ក៏បានពិភាក្សាជាមួយវិស័យធនាគារ ដើម្បីផ្ដល់លទ្ធភាពណាមួយដល់វិស័យបុរីលំនៅដ្ឋានមានទុនអាចបន្តការអនុវត្តគម្រោងជូនអតិថិជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យប៉ះពាល់ជាសាកល ក្នុងនោះមានក្រុមហ៊ុនបរទេសជាច្រើនត្រូវបានបិទ ឬបិទសាខា។ ប៉ុន្តែមកដល់ពេលនេះ ក៏មានក្រុមហ៊ុនបុរីលំនៅដ្ឋានខ្លះក៏បានបន្តដំណើរការគម្រោងរបស់ខ្លួនឡើងវិញបណ្ដើរៗហើយ ហើយសម្ដេចធិបតីមានជំនឿថា ទៅថ្ងៃខាងមុខវិស័យចលនទ្រព្យនឹងមានកំណើនឡើងវិញ ខណៈឥឡូវនេះក៏នៅតែមានក្រុមហ៊ុនអន្តរជាតិពីខាងក្រៅរៀបចំគម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាទៀតដែរ ហើយគម្រោងអភិវឌ្ឍន៍ទាំងនោះនឹងកាន់តែរឹងមាំ និងមានភាពធន់នឹងវិបត្តិសេដ្ឋកិច្ច ដូច្នេះសូមប្រជាពលរដ្ឋជឿទុកចិត្តលើដំណោះស្រាយរបស់រាជរដ្ឋាភិបាល៕