(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋដែលរស់នៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានស្នើឲ្យសមត្ថកិច្ច ពិសេសថ្នាក់ដឹកនាំធំៗ មេត្តាជួយបង្ក្រាបទីតាំង បើកល្បែងស៊ីសង ដូចជា បាញ់អាប៉ោង ជល់មាន់ មួយកន្លែងដែលមានម្ចាស់ ជាទាហានម្នាក់ឈ្មោះ ឆង ឋានៈវរសេនីយ៍ត្រី ផ្នែកគីមីសាស្ដ្រ ហើយបានបើកដំណើរការជាង ៤ឆ្នាំមកហើយ មិនឃើញសមត្ថកិច្ចណាមកក្បែរសោះ។

បើតាមលិខិតស្នើរបស់ប្រជាពលរដ្ឋ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «រយៈពេលជាង៤ឆ្នាំហើយ មិនទាន់មានសមត្ថកិច្ចណាមួយ មកបង្ក្រាបបនល្បែងនេះបានឡើយ ព្រោះពេលមានសមត្ថកិច្ចចុះទៅបង្ក្រាបម្ដងៗ មេបនល្បែង ឈ្មោះ ឆង តែងតែបានទទួលដំណឹងជាមុន ជាហេតុធ្វើឲ្យសមត្ថកិច្ចមិនអាចចុះបង្ក្រាបបាន ពោលគឺស្នងការខេត្តកំពង់ឆ្នាំង ធ្វើមិនដឹងមិនឮ»

ពលរដ្ឋ បានឲ្យដឹងថា នៅពេលមានប្រជាជនក្នុងភូមិប្ដឹងទៅសមត្ថកិច្ចខេត្ត ស្រាប់តែមានអាជ្ញាធរស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ផ្ដល់ដំណឹងភ្លាមទៅដល់មេបនល្បែងឈ្មោះ ឆង ហើយមេបនល្បែងនេះ បាននិយាយថា «អញបានទិញក្បាលអធិការគ្រប់ជាន់ថ្នាក់អស់ហើយ» ទីតាំងនេះតែងតែចល័ត ទៅលេងភូមិមួយទៅភូមិមួយនៅក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ដែលបានជូនពេលខ្លះចល័តទៅលេង នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ជាខេត្តដែលមានភូមិសាស្រ្ដជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង៕