(តាកែវ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា គឺបង្កើតឡើងដើម្បីទាញយកអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច កាត់បន្ថយចំណាយដឹកជញ្ជូន ហើយជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋប៉ុណ្ណោះ ហើយក៏មិនមានការប៉ះពាល់ដល់បរិស្ថានទន្លេមេគង្គនោះទេ។ ទន្ទឹមនឹងនេះ សម្តេចក៏បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា បង្កើតឡើងដើម្បីបម្រើឱ្យវិស័យយោធារបស់ចិន។

ថ្លែងក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ សម្តេចធិបតី បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ដែលបានសម្តែងការគាំទ្រដល់គម្រោងព្រែកជីកហូណនតេជោ។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

សម្តេចធិបតី បានបញ្ាក់ថា ព្រែកជីកនេះនឹងធ្វើឱ្យនាវាអាចដឹកទំនិញបាន៣ពាន់តោន នៅរដូវប្រាំង និង៥ពាន់តោននៅរដូវវស្សា ដែលផ្លូវទឹកនេះនឹងអាចជួយសម្រួលការដឹកកុងតឺន័រផងដែរ ដោយនឹងជួយកាត់បន្ថយចម្ងាយ និងកាត់បន្ថយតម្លៃក្នុងការដឹកជញ្ជូន។

សម្តេចបានបញ្ជាក់ថា គម្រោងព្រែកជីក១៨០គីឡូម៉ែត្រនេះ មិនមែនជីកថ្មីទាំងអស់ទេ ក្នុងនោះ១៣៥គីឡូម៉ែត្រ ជាផ្លូវទឹកធម្មជាតិរួចទៅហើយ ដោយយើងគ្រាន់តែពង្រីកប៉ុណ្ណោះ។ «អញ្ចឹងវាមិនប៉ះពាល់ដល់បរិស្ថាន រឿងជែកថ្មីនោះទេ វាគ្រាន់តែតាមសណ្តចាស់»

សម្តេចបានបញ្ជាក់បន្ថែមថា គម្រោងនេះសិក្សាចំនួន២៦ខែ ហើយក្នុងនោះមានអ្នកជំនាញ បរិស្ថានសង្គម និងវិស្វករមកសិក្សានឹងវាយតម្លៃច្បាស់លាស់។

សម្តេចបានបញ្ជាក់ទៀតថា «ខ្ញុំសូមប្រាប់ ទី១៖ រដ្ឋធម្មនុញ្ញកម្ពុជា គ្មានឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជានោះទេ ទី២៖ យើងមិនឱ្យប្រើប្រាស់ប្រទេសយើងជាមូលដ្ឋានប្រឆាំងនឹងប្រទេសណានោះទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗ ប្រឆាំងប្រទេសណាមួយក៏យើងមិនឱ្យនោះដែរ»

សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ ប្រទេសកម្ពុជា ប្រកាន់គោលនយោបាយចម្រុះពណ៌ មិនយកប្រទេសណាជាសត្រូវនោះទេ៕