(វៀងច័ន្ទ)៖ សម្តចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា ទំនាក់ទំនងល្អប្រពៃនៃថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់កម្ពុជា និងឡាវ ជំនាន់មុននឹងក្លាយ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ ដែលត្រូវតែថែរក្សា ឱ្យបានគង់វង់យូរអង្វែង។

ការថ្លែងបែបនេះរបស់សម្តចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងនៅក្នុងជួបសម្តែងការគួរសមជាមួយលោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ កាលពីរសៀលថ្ងៃថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ លោកប្រធានរដ្ឋ ក៏បានរំឭកអំពីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជំនាន់មុន និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀត ដែលមាន ទំនាក់ទំនងដ៏ល្អប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងក្ដីនឹករឭក។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត បានជម្រាបទៅប្រធានរដ្ឋឡាវអំពីលទ្ធផល នៃកិច្ចប្រជុំ និងការចុះអនុស្សរណ:យោគយល់គ្នារវាងរណសិរ្ស ៣ប្រទេស ប្រកបដោយផ្លែផ្កា។

ទន្ទឹមនោះ លោកប្រធានរដ្ឋ បានសម្ដែងការពេញចិត្ត ចំពោះលទ្ធផលនៃកិច្ចពិភាក្សា ដែលនេះជាលទ្ធផល ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនិងបានជូនផ្តំាផ្ញើរការសាកសួរ សុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់ពេលដ៏ខ្លីខាងមុខនេះ៕