(ភ្នំពេញ)៖ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ អាចនឹងធ្លាក់ទៅក្នុងសភាពអាក្រក់ ពិសេសនៅតំបន់​ទីស្នាក់​ការ​​កណ្តាល គណបក្សប្រឆាំងចាក់អង្រែលើ ក្នុងរយៈពេលដ៏ខ្លីខាង​មុខនេះ បើសិនជា​គណបក្ស​ប្រឆាំង នៅតែចចេស​កេណ្ឌមនុស្សមកការពារលោក កឹម សុខា នៅថ្ងៃ០៩កញ្ញា ដែលជាថ្ងៃជម្រះក្តីរបស់លោក។ 

តាមលិខិតចំហរមួយ របស់គណបក្ស គណបក្សសង្គ្រោះជាតិ ផ្ញើរជូន​អភិបាល​រាជធានី​ភ្នំពេញចុះថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ថា គណបក្ស​ប្រឆាំង​ នឹងរៀបចំពិធីសំណេះ​សំណាលនិងជួបជុំគ្នា រវាងថ្នាក់ដឹកនាំជាមួយរចនាសម្ព័ន្ធ និង​មហាជន នៅទីស្នាក់​ការ​កណ្តាលគណបក្ស ក្នុងសង្កាត់​ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុងនោះមានសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារ ក្រុម​ទ្រទ្រង់រាជធានី ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងគណៈកម្មាធិការ​ ប្រតិបត្តិរាជធានី ខណ្ឌ សង្កាត់ ភូមិ យុវជន ស្ត្រី និងប្រជាពលរដ្ឋ ជាច្រើន​រយនាក់។

កម្មវិធីនេះនឹងប្រព្រឹត្តិ​ទៅ​នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ដែលចំថ្ងៃតុលាការជម្រះក្តី លោក​ប្រធានស្តីទីបក្សនេះ។ អ្នកវិភាគស្ថានការណ៍សង្គម និងនយោបាយ កម្ពុជា មើលឃើញថា បើសិនជាថ្ងៃ០៩ខាងមុខនេះ បក្សប្រឆាំងកេណ្ឌសកម្មជន និងប្រជាពលរដ្ឋមកការពារលោក កឹម សុខា ឬតតាំងជាមួយចំណាត់ការ របស់តុលាការនោះ បាតុភាពអាក្រក់ៗមួយចំនួនអាច​នឹងកើត​ឡើង។

ការរៀបចំពិធីសំណេះសំណាល និងជួបជុំក្នុងទ្រង់ទ្រាយធំនៅទីស្នាក់ការគណបក្សប្រឆាំងចំថ្ងៃ ដែលតុលាការសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក កឹម សុខា ចូលខ្លួននៅ​ចំពោះ​មុខ​សាលា​ដំបូង​រាជធានីភ្នំពេញ ដើម្បីជំនុំជម្រះក្តី ពីបទបដិសេធក្នុងការចូលខ្លួនប្រព្រឹត្ត​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឱ្យផ្តន្ទា​ទោសតាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួន មើលឃើញថា វាមិនមែនជារឿង ចៃដន្យនោះទេ ប៉ុន្តែ​ជាគម្រោងទុច្ចរឹតមួយរបស់គណបក្សប្រឆាំង ដែលរៀបចំ​កេណ្ឌមនុស្សមកការពារ​លោក​ប្រធាន​ស្តីទី កឹម សុខា ព្រោះខ្លាចសមត្ថកិច្ចអនុវត្ត និតិវិធីរបស់​តុលាការ និងចាប់ខ្លួនលោក។

សូមជំរាបថា ការកេណ្ឌប្រមូលមនុស្សរបស់គណបក្សប្រឆាំងក្រោមលេស ហែរញត្តិទៅដាក់តាម​ស្ថានទូត​ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស កាលពីថ្ងៃទី៥ ខែកញ្ញា កន្លងទៅ បាន​បរាជ័យ​ម្តងរួចមកហើយ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ ការដាក់ពង្រាយសមត្ថកិច្ចធ្វើការ​យាមកាម ហាមឃាត់ការកេណ្ឌ មនុស្សក្នុងទ្រង់ទ្រាយធំ ដែលអាចប្រឈម និងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម ឬអាចបង្កជាអំពើហឹង្សា ក្នុងឱកាសនៃការប្រមូលផ្តុំនោះ។

ទោះបីជាមាន​មតិ​មួយចំនួន បានបង្ហាញការស្តីបន្ទោសចំពោះចំណាត់ការ របស់សមត្ថកិច្ច​ដែល​បិទផ្លូវ មុខស្នាក់ការ​គណបក្ស​ប្រឆាំង ក្នុងពេលដែលបក្សប្រឆាំង កំពុងបង្កព្យុះភ្លៀងក្នុងសង្គមយ៉ាង​ណាក៏ដោយ ប៉ុន្តែជំហរ​​អាជ្ញាធរមានសមត្ថកិច្ច គឺមិនអាចបណ្តោយឱ្យបក្សប្រឆាំង ធ្វើអ្វី​តាម​ចិត្តនោះទេ។ អាជ្ញាធរមាន​សមត្ថកិច្ច ត្រូវតែរក្សានូវសន្តិសុខ ​ស្ថិរភាព និងសណ្តាប់ ជូន​ប្រជាពលរដ្ឋ ជាពិសេសត្រូវតែការពារ​ឱ្យបាននូវសុខសន្តិភាព ដែលពលរដ្ឋខ្មែរជាង១៥លាន​កំពុងតែរស់នៅ និងអាស្រ័យផល។

អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមនៅកម្ពុជា បានបង្ហាញការព្រួយបារម្ភស្របគ្នា ពីព្រឹត្តិការណ៍អាក្រក់ៗមួយចំនួនអាចនឹងកើតឡើង នាពេលខាងមុខ បើសិនណាជា លោក កឹម សុខា នៅតែមិនព្រមទទួលយកការពិត​ និងព្រមអនុវត្តទោសកំហុសរបស់ខ្លួន ហើយដឹកនាំមន្ត្រីបក្សប្រឆាំង អូសទាញប្រជាពលរដ្ឋ មកប្រទូស្តរាយជាមួយសមត្ថកិច្ច។ អ្នកវិភាគ​យល់ឃើញថា​​ ការ​ប្រមូល​ផ្តុំមនុស្សកកកុញ មកពីតាមបណ្តាខេត្តនានា មកស្នាក់ការកណ្តាល​គណប​ក្ស​សង្គ្រោះជាតិ គឺចៀស​មិនផុត​ពីជួបបញ្ហានោះទេ។ ស្នាក់ការបក្សប្រឆាំងតូចចង្អៀត ​មិនអាច​ផ្ទុកមនុស្ស​ច្រើនបានទេ នឹង​ធ្វើ​ឱ្យចរាចរណ៍នៅតំបន់នោះកកស្ទះ។

មួយវិញទៀត ការចចេសរឹសរូស តតាំង​ជាមួយសមត្ថកិច្ច អាចនឹងផ្ទុះ​ឡើងនូវអំពើហឹង្សា ដែលអាចបណ្តាលឱ្យ​មានមនុស្ស​រងរបួស ស្លាប់បាត់បង់ជីវិត និង​អាច​ប្រឈមនឹងការចាប់ខ្លួន​ ជាយថាហេតុក៏ថាបាន។ បើដល់ពេល ដែលសមត្ថកិច្ច ចាត់វិធានការ​ផ្លូវច្បាប់មែននោះ សូម្បីតែលោក​ប្រធាន​ស្តីទី កឹម សុខា និងមន្ត្រីជាន់ខ្ពស់គណបក្ស ក៏មិនអាច​គេចខ្លួនបានដែរ ចុះទម្រាំសកម្មជន និង​ប្រជាពលរដ្ឋ ដែលដើរ​តាម​នយោបាយបោកបញ្ឆោត យកជីវិត​ពួកគាត់មកដោះដូរ នឹងប្រជា​ប្រិយភាព​របស់ថ្នាក់ដឹកនាំ​បក្សប្រឆាំង ប្រាកដជាមិនអាចគេចរួច​ពីសំណាញ់ច្បាប់ឡើយ។ ប្រជាពលរដ្ឋស្លូតត្រង់ ​ដែលចូលរួមក្នុងសកម្មភាព ប្រមូលផ្តុំរ​បស់បក្ស​ប្រឆាំង គឺប្រាកដជាគ្មាន​សុវត្ថិភាពទេ នៅកន្លែងចំរូងចំរាស់ ដែលអាចមានការប៉ះទង្គិចគ្នា។

អនិច្ចាវាសនា អ្នកដើរតាម​បក្សប្រឆាំង បើមិន​រងគ្រោះ​ដោយ​សារគេបោក ក៏រងគ្រោះដោយសារគេហៅមកបាតុកម្ម ឬរងគ្រោះជាប់គុក​ដោយ​សារចាញ់​ល្បួងបក្សប្រឆាំង នឹងអាចស្លាប់អត់អំពើ ដោយសារតែពាក្យថា អ្នកស្នេហាជាតិ ត្រូវតែហ៊ានលះបង់ ហើយទីបំផុត​ថ្នាក់ដឹកនាំបក្សប្រឆាំង​ បានត្រឹមតែពោលពាក្យថា សោកស្តាយប៉ុណ្ណោះ៕