(ភ្នំពេញ)៖ វត្ដមានរបស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រៀបដូចនឹងមានក្ដីសង្ឃឹមមិនចេះសាបសូន្យ ពោរពេញទៅដោយក្ដីអាណិត មេត្ដា ករុណា និងក្ដីស្រលាញ់ ប្រកបដោយភាពកក់ក្ដៅ ជាក់ស្ដែងដូចកុមារខ្សោយសតិបញ្ញានៅបុរីទារក និងកុមារជាតិ ដែលសុទ្ធសឹងតែត្រូវឪពុក ម្ដាយ និងក្រុមគ្រួសារ បោះបង់ចោលដោយមិនអាសូរ និងមិនស្គាល់អ្វីទៅជាគ្រួសារកក់ក្ដៅនឹងគេ ខ្វះទាំងការមើលការថែទាំ និងក្ដីស្រលាញ់ ប៉ុន្ដែវត្ដមានអ្នកម្ដាយមនុស្សធម៌ មិនទុកចោល ហើយថែមទាំងខ្វល់ខ្វាយ និងតែងតែគិតពីសុខទុក្ខរហូតមក។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដឹកនាំសហការី ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី១០ (គិតចាប់តាំងពីឆ្នាំ២០១៦) ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងគ្រូ-បុគ្គលិក ព្រមទាំងអ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន ២៦០នាក់ នៃបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកស្រីអគ្គលេខាធិការរងទី១ បានថ្លែងថា ដោយអនុវត្តតាមអនុសាសន៍ និងការណែនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបានចុះរៀបចំអាហារសាមគ្គី និងផ្ដល់អំណោយជាស្បៀង និងថវិកា ដល់មណ្ឌល និងអង្គការចំនួន ៤ និងចុះសួរសុខទុក្ខ និងអប់រំផ្លូវចិត្ត កូនចៅ ក្មួយៗ ជាស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជន និងស្ត្រីវ័យចំណាស់ នៅមណ្ឌលអប់រំកែប្រែទី២ ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញផងដែរ។

«ចឹងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ អ្វីដែលជាការគិតគូររបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺការចុះជួយផ្ដល់អំណោយ និងផ្ដល់ក្ដីស្រលាញ់ជូនដល់ជនងាយរងគ្រោះ ដែលនេះជាចំណុចអាទិភាពរបស់កាកបាទក្រហមកម្ពុជា ។ក្នុងនោះដូចបុរីទារក និងកុមារជាតិ ទោះកុមារបានទទួលបានជម្រក និងអាហារហូបចុកប្រចាំថ្ងៃ ក្រោមការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាលក្ដី ក៏ប៉ុន្ដែកុមារទាំងអស់នៅទីនេះ ក៏នៅតែត្រូវការបន្ថែមទៀតនូវការជួយលើកទឹកចិត្ដ ផ្នែកផ្លូវចិត្ដផងដែរ » ។

ក្នុងឱកាសនេះដែរ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាអាណិត ស្រឡាញ់ចំពោះកុមារ និងបុគ្គលិកទាំងអស់ ជាពិសេសការកោតសរសើរ ស្ញប់ស្ញែងចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក ក៏ដូចជាអ្នកស្ម័គ្រចិត្តបរទេស ដែលបានយកអស់កម្លាំងកាយ-ចិត្ត មើលថែទាំ ចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំ ដល់កុមារទាំងអស់ប្រកបដោយបេះដូងមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។

ជាមួយគ្នានេះ លោកស្រីក៏បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែធ្វើសកម្មភាពមនុស្សធម៌ទៅតាមវិស័យអាទិភាពរបស់ខ្លួន មិនត្រឹមតែការចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កុមារងាយរងគ្រោះនៅតាមមណ្ឌល/អង្គការប៉ុណ្ណោះទេ។

ទន្ទឹមនឹងនោះ លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានថ្លែងថា «ក្នុមនាមកុមារកំព្រា កុមារពិការ និងមន្ដ្រីរាជការទាំងអស់ នៃបុរីទារក និងកុមារជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាសេចក្ដីសោមនស្សរីករាយបំផុតក្រៃលែង ចំពោះវត្ដមានរបស់ថ្នាក់ដឹកនាំ ដែលចំណាយពេលវេលាដ៏មានតម្លៃ និងមមារញឹក អញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ដល់កុមារកំព្រា ពិការ និងមន្ដ្រី ដែលបម្រើការងារក្នុងបុរីទារក និងកុមារជាតិថ្ងៃនេះ ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ តាមរយៈលោកស្រីម៉ែននារីសោភ័គ។

លោកស្រីបន្ដថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែពុំភ្លេចកូនចៅដែលកំពុងរស់នៅទីនេះ មនោសញ្ចេតនាប្រកបដោយព្រហ្មវិហារធម៌ ភាពកក់ក្ដៅ ក្ដៅស្រលាញ់ និងការលើកទឹកចិត្ដ ជាទឹកចិត្ដមនុស្សធម៌ដ៏វិសេសវិសាលថ្លៃថ្លាពីសំណាក់ សម្ដចកិត្ដិព្រឹទ្ធបណ្ឌិត មាតាមនុស្ស គឺពិតជាបានធ្វើឱ្យយើងពុំអាចភ្លេចគុណដ៏ខ្ពង់ខ្ពស់ និងចងចាំក្នុងចិត្ដរបស់យើងគ្រប់ៗគ្នា។

ទន្ទឹងមនោះ លោកស្រីបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែផ្តល់ក្តីមេត្តា ករុណា ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ក្មួយៗចៅៗកុមារទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើង។

ជាមួយគ្នានេះ អ្នកស្ម័គ្រចិត្តនៅបុរីទារក និងកុមារជាតិ ក៏បានសម្តែងនូវចំណាប់អារម្មណ៍រំភើបសប្បាយរីករាយ និងក្តីស្រឡាញ់ពេញចិត្តចំពោះប្រទេស និងប្រជាជនកម្ពុជា ជាពិសេសបានរួមចំណែកមើលថែទាំកុមារនៅក្នុងមណ្ឌល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលបានផ្តល់អំណោយជាបន្តបន្ទាប់ដល់បុរីទារក និងកុមារជាតិនេះ។ ក្នុងឱកាសនោះអ្នកស្ម័គ្រចិត្ដ ក៏បានលើកឡើងពីបញ្ហាប្រឈមសម្រាប់ខ្លួន និងមណ្ឌលមួយចំនួនផងដែរ ដែលទាមទារឱ្យមានការជួយឧបត្ថម្ភគាំទ្របន្ថែម។

គួររម្លឹកថា ក្នុងដើមខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជិតឈានចូលមកដល់នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដឹកនាំសហការីចុះសួរសុខទុក្ខ ដោយភ្ជាប់ជាមួយនឹងអំណោយ ពិសេសការរៀបចំម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ដល់ មណ្ឌល អង្គការ សមាគម ចំនួន៤ រួចមកហើយ ក្រៅពីបុរីទារក និងកុមារជាតិខាងលើនេះ។

ក្នុងឱកាសចុះមកបុរីទារក និងកុមារជាតិនៅក្នុងថ្ងៃនេះ កាកបាទក្រហមកម្ពុជាក៏បាននាំមកនូវអំណោយរួមមាន៖ អង្ករ ៣តោន, មី ២០កេស, ត្រីខ ៥កេស, ទឹកត្រី ១០យួរ, ទឹកក្រូច ៣០កេស, ទឹកបរិសុទ្ធ ៤០កេស, ផ្លែក្រូច ៥កេស, អាល់កុល ៣០ប៊ីដុង និងថវិកា ១០លានរៀល។ ដោយឡែក លោកគ្រូអ្នកគ្រូ បុគ្គលិក ទាំង ២៦០នាក់ ទទួលបានអាហារសាមគ្គីដ៏ឈ្ងុយឆ្ងាញ់ ១ពេល ដែលមានមុខម្ហូបដូចជា៖ សម្លម្ជូរយួនគ្រឿងសមុទ្រ, ឆាឡុកឡាក់សាច់គោ, ខជើងជ្រូកស្ពៃជូរ, បាយឆា និងបង្អែមខ្មែរ៕