(ភ្នំពេញ)៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ការស្នើសុំនាំចូលប្លាស្ទិកសម្រាប់បម្រើសង្វាក់ ផលិតកម្ម មានការថយចុះជាគំហុក ប្រមាណ៧៥% ធៀបនឹងទិន្នន័យ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ដែលក្នុងនោះការនាំ ចូលមានតែក្នុងខែមករា និងមានក្រុមហ៊ុនចំនួន២ តែប៉ុណ្ណោះដែលបានទទួលការអនុញ្ញាតនាំចូល ចំណែកឯ ការស្នើសុំរបស់ក្រុមហ៊ុនចំនួន០៦ ទៀតស្ថិតក្នុងដំណាក់កាលពិនិត្យ និងសម្រេច។

យោងតាមនាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឱ្យដឹងថា ការនាំចូលប្លាស្ទិកឆ្នាំ២០២៤ សម្រាប់ប្រើប្រាស់ទូទៅ មានក្រុមហ៊ុនចំនួន០១ប៉ុណ្ណោះ ដែលទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ សរុបបរិមាណចំនួន ១២ ៣៣៦,៣៨ គីឡូក្រាម គិតត្រឹមរយៈពេលត្រីមាសទី១ ឆ្នាំ២០២៤។ ដោយឡែក ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម ឃើញមានក្រុមហ៊ុនចំនួន០២ ប៉ុណ្ណោះ ទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម សរុបបរិមាណចំនួន ៩ ១៥២,៤៤គីឡូក្រាម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤នេះ។

បើប្រើបធៀប ការនាំចូលថង់ប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ នៅក្នុងឆ្នាំ២០២៣ មានក្រុមហ៊ុនចំនួន១៧ បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅសរុប ចំនួន ១៣១ ៣៥៦,៨៥គីឡូក្រាម/ឆ្នាំ ហើយក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលមានបរិមាណសរុបចំនួន ៤៩ ២៩៧,២៩គីឡូក្រាម។

ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម៖ ក្រុមហ៊ុនចំនួន១៣ ទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្មសរុបចំនួន ១៣៥ ៣៩៦,៩៣គីឡូក្រាម/ឆ្នាំ ដែលក្នុងនោះ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានការនាំចូលមានបរិមាណ ៣៥ ៥៨០,០៩គីឡូក្រាម។

ដោយឡែក នៅក្នុងឆ្នាំ២០២៣ បរិមាណនាំចូលថង់ប្លាស្ទិកសម្រាប់ការប្រើប្រាស់ទូទៅច្រើនជាងគេ គឺនៅក្នុងត្រីមាសទី១ ដែលមានបរិមាណ ៤៩ ២៩៧,២៩គីឡូក្រាម/ត្រីមាស ដែលក្នុងនោះ នៅខែមករា ថង់ប្លាស្ទិកប្រើប្រាស់ទូទៅបរិមាណ ចំនួន ៤៥ ៦១៤,៨០ គីឡូក្រាម/ខែ ត្រូវបាននាំចូលច្រើនជាងគេប្រចាំឆ្នាំ។ នៅក្នុងត្រីមាសទី២ យើងឃើញថាការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅមានបរិមាណទាប ជាងគេ ដែលមានចំនួនត្រឹម ១០ ៨២១,៨៦គីឡូក្រាម/ខែ តែប៉ុណ្ណោះ ទន្ទឹមនឹងនេះយើងឃើញថានៅក្នុងអំឡុងខែវិច្ឆិកា និងធ្នូ គឺពុំមានការស្នើសុំអនុញ្ញាតនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅនោះទេ។

ដូចគ្នាដែរ ការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម នៅក្នុងឆ្នាំ២០២៣ បរិមាណនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម កើនឡើងខ្លាំងក្នុង អំឡុង ត្រីមាសទី២ ដែលមានបរិមាណ ៤១ ៤២៥,៨៣ គីឡូក្រាម/ត្រីមាស ដែលក្នុងនោះខែមិថុនា មានការ នាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្មចំនួន ២៨ ២៦៨,៥៧គីឡូក្រាម/ខែ ដែលមានបរិមាណច្រើនជាង គេប្រចាំឆ្នាំ។

ដោយឡែក នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣ ការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម មានការថយចុះ និងទាបជាងគេប្រចាំឆ្នាំដែលមានបរិមាណត្រឹមតែ ២០ ៧៧០,៥៣ គីឡូក្រាម/ត្រីមាស តែ ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ យើងឃើញថា នៅក្នុងអំឡុងខែកុម្ភៈ និងខែឧសភា គឺមិនមានការស្នើសុំអនុញ្ញាត នាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្មឡើយ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថាការថយចុះនៃការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺជាសញ្ញាវិជ្ជមាន ដែលបង្ហាញថាការ អប់រំផ្សព្វផ្សាយ តាមរយៈការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កន្លងមកទទួលបានជោគជ័យ ដែលបានផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ និងមានមនុស្សសរុប ៧,៦លាននាក់ ក្នុងនោះសិស្សានុសិស្សគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស បានប្តេជ្ញាចិត្តមិនប្រើប្លាស្ទិកយ៉ាងតិចចំនួន ១ថ្ងៃ ក្នុង១សប្តាហ៍។ ដូចនេះ ការថយចុះនៃការនាំចូលថង់ប្លាស្ទិកបម្រើក្នុងសង្វាក់ផលិតកម្ម អាចបណ្តាលមកពីការផលិត ក្នុងស្រុក ដែលមានតម្រូវការថង់ប្លាស្ទិក មានការថយចុះ៕