(ភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុង​ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

គិរីសួគ៌ (Kirisu) គឺជាកសិដ្ឋានរបស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល និងជាកសិដ្ឋានខ្នាតធំដំបូង​គេបង្អស់​នៅ​ក​ម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើបបំផុត និងមានសមត្ថភាពផលិតទឹកដោះគោសុទ្ធស្រស់ ប្រកប​ដោយគុណភាពខ្ពស់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ។ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល បានចាប់ផ្តើម​ដំណើរកសិកដ្ឋាននៅចុងឆ្នាំ២០២០។

ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានទទួលដី​សម្ប​ទានទំហំ ៣០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ ដើម្បីបង្កើតកសិដ្ឋាន ព្រមទាំងទទួលបាន​ការ​សម្របសម្រួលសម្រាប់ការនាំចូលពូជគោផលិតទឹកដោះដ៏ល្បីល្បាញទូទាំងពិភពលោកមកពីប្រទេសអូស្រ្តាលីចំនួន ៥៥០ក្បាល តាមយន្តហោះមកកាន់កម្ពុជា។

កសិដ្ឋានគិរីសួគ៌នាពេលបច្ចុប្បន្នមានគោយកទឹកដោះហ៊ុលស្ទីន (Holstein) សរុប ៩២៨ក្បាល គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ២០២៤ រួមបញ្ចូលទាំងគោ ដែលត្រូវបានបង្កាត់ក្នុងស្រុក និងមានភាពសំារួច​ជាស្រេច​ជា​មួយនឹងអាកាសធាតុនៅកម្ពុជា។ កសិដ្ឋានប្រកាន់ខ្ជាប់នូវគោលការណ៍ផលិតកម្មទំនើប ទាំងការចិញ្ចឹម ការថែទាំ ការដាក់ចំណី និងការរឹតយកទឹកដោះ ដើម្បីធានាបាននូវសុខមាលភាពសត្វជាប់ជាប្រចាំ។

កសិដ្ឋានគិរីសួគ៌ ទទួលបានវិញ្ញាបនបត្រពីផ្នែកសុវត្ថិភាព (GMP/HACCP) ដែលជាការឆ្លើយតបនឹង​សង្វាក់​ផលិតកម្មទឹកដោះគោសុទ្ធ យ៉ៅអ៊ួ និងប៊ឺរ តាមបែបទំនើប និងមានសុវត្ថិភាពខ្ពស់ ជាមួយនឹង​ការ​ចិញ្ចឹម និងផលិតចំណីនៅក្នុងផ្ទៃដីកសិដ្ឋានតែមួយ។

ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល បានជ្រើសរើសក្រុមហ៊ុន TSNR ជាភ្នាក់ងារចែកចាយថ្នាក់ជាតិ គ្របដណ្តប់​នៅ​ទូទាំងរាជធានី-ខេត្ត ដើម្បីធានាបាននូវការចែកចាយផលិតផលដល់ទីផ្សារបានឆាប់រហ័ស និងមាន​ប្រសិទ្ធភាពខ្ពស់។ បន្ទាប់ពីចាប់ផ្តើមការផលិតសាកល្បងក្នុងឆ្នាំ២០២១ កសិដ្ឋានបានកសាងកេរ្តិ៍ឈ្មោះ នៅក្នុងទីផ្សារជាបន្តបន្ទាប់ រហូតក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ទឹកដោះគោធំបំផុតនៅកម្ពុជា។

ម៉ាកសញ្ញាគិរីសួគ៌ត្រូវបានទទួលស្គាល់យ៉ាងពេញលេញ ពីសំណាក់អ្នកនិយមទទួលទានទឹកដោះគោ​មកពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកបម្រើការងារចំនួន ១២៧នាក់ និង​មានស្នាក់ការកណ្តាលដែលស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ថែមពីលើក្រុមអ្នក​ជំនាញផលិត​កម្ម ប្រចាំកសិដ្ឋាននៅភ្នំតាម៉ៅ ខេត្តតាកែវ។

ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល បានសហការជាមួយដៃគូផ្គត់ផ្គង់បច្ចេកវិទ្យា និងបរិក្ខារល្បីបំផុតរបស់ប្រទេស អ៊ីស្រាអែល ដែលបានបញ្ចប់គម្រោងស្រដៀងគ្នាដោយជោគជ័យនៅទូទាំងអាស៊ី រួមមានគម្រោង នៅ​ប្រទេសចិន និងបង់ក្លាដេស ជាពិសេសនៅប្រទេសវៀតណាម ដែលបានជួយឱ្យក្រុមហ៊ុន TH True Milk ក្លាយជាក្រុមហ៊ុននាំមុខគេនៅទីនោះ។

ជាមួយនឹងការជួយជ្រោមជ្រែងពីក្រុមហ៊ុន Afimilk ក្នុងឋានៈជាដៃគូបច្ចេកទេស ជាអ្នកផ្គត់ផ្គង់ និងជាអ្នក​ប្រឹក្សាយោបល់ ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល មានលទ្ធ​ភាពបញ្ចប់ការសាងសង់កសិដ្ឋានដោយជោគជ័យ និងឈានដល់ដំណើរការប្រកបដោយប្រសិទ្ធភាព ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ដោយ​ជម្នះបាន​នូវ​​ផលវិបាកនានាបង្កឡើងដោយជំងឺកូវីដ-១៩។ ក្រុមហ៊ុន Afimilk ទទួលបន្ទុកផ្នែករៀបចំផែនការ រចនា គ្រប់គ្រង និងមើលការខុសត្រូវការសាងសង់រោងចក្រ ព្រមទាំងការបណ្តុះបណ្តាលបុគ្គលិកបម្រើ ឱ្យចេះស្ទាត់ជំនាញ ដើម្បីអាចបំពេញការងារដោយឯករាជ្យក្នុងរយៈពេល៣-៤ឆ្នាំក្រោយ។

ផ្នែករឹតយកទឹកដោះគោ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Afimilk អាចជួយឱ្យក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល បូមយកទឹកដោះគោពីមេគោចំនួន ៣៦ក្បាល ដោយប្រើរយៈពេលត្រឹមតែ ១២នាទីប៉ុណ្ណោះ ដោយរក្សា​បាន​នូវសុខមាលភាពគោ ជាមួយនឹងការប្រើបច្ចេកវិទ្យា និងបច្ចេកទេសបញ្ចុះសីតុណ្ហភាពទំនើបបំផុត។ បច្ចេកទេស និងបច្ចេកវិទ្យានេះជួយឱ្យក្រុមហ៊ុនសម្រេចបានផលិតកម្មដែលមានទិន្នផលខ្ពស់ ដោយ​ទទួល​បានទឹកដោះគោច្រើនបំផុត រហូតដល់ទៅ ៥០លីត្រ ពីគោមួយក្បាល ក្នុងមួយថ្ងៃ និងជាមធ្យម​៣០លីត្រ ក្នុងមួយថ្ងៃ។ ទិន្នផលនេះមានបរិមាណដូចគ្នានឹងកសិដ្ឋានធំនានា នៅប្រទេសអ៉ីស្រាអែល និងវៀតណាមដែរ ហើយទិន្នផលនេះមានកម្រិតខ្ពស់ជាងបណ្តាកសិដ្ឋាននៅសហភាពអ៊ឺរ៉ុបទៅទៀត។

បច្ចុប្បន្នកសិដ្ឋានមានសមត្ថភាពផលិតទឹកដោះគោស្រស់បានជាង ១៣ពាន់លីត្រ ក្នុងមួយថ្ងៃ និងផ្គត់​ផ្គង់​បានប្រមាណ ១៥ភាគរយនៃចំណែកទីផ្សារនៅកម្ពុជា។

គិរីសួគ៌ បានក្លាយជាម៉ាកសញ្ញាដែលទទួលបានការគាំទ្រច្រើនបំផុត ក្នុងចំណោមម៉ាកសញ្ញាធំៗ៣ ដោយ​ប្រើប្រាស់ភ្នាក់ងារទីផ្សារដែលមានយុទ្ធសាស្ត្រនិងជំនាញច្បាស់លាស់ ដើម្បីអភិវឌ្ឍយុទ្ធនាការ ទីផ្សារ​ដែលមានប្រសិទ្ធភាព។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានចាប់ដៃគូចែកចាយជាមួយក្រុមហ៊ុន​ដែលមាន​ប្រវត្តិជោគជ័យ ដើម្បីនាំផលិតផលទៅដល់ដៃអតិថិជនប្រកបដោយប្រសិទ្ធភាព។