(កំង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមន៍អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឲ្យឆ្នាំថ្មី ដល់សមាជិក សមាជិកា សមាគមន៍អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ស្រុកស្ទោង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលនឹងឈានមកដល់នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤ខាងមុខនេះ។

ទាំងនេះសរឱ្យឃើញពីការយកចិត្តទុកដាក់ របស់លោក ដល់សុខទុក្ខ សុខុមាលភាព ជីវភាព សមាជិកសមាគមន៍គ្រប់ៗគ្នា តាំងពីលោកបានបង្កើតឡើងតាំងពីជាងពីរឆ្នាំកន្លងមក ហើយទន្ទឹមនឹងនេះលោក ប្រធានកិត្តិយសសមាគមន៍ តែងតែអញ្ជើញចុះសួរសុខទុក្ខ និងបានឧបត្ថម្ភ នូវ គ្រឿងឧបភោគបរិភោគ សម្ភារៈ ថវិកា ដល់សមាជិក សមាជិកា ដែលបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកក៏ដូចជាសួរសុខទុក្ខដល់គេហដ្ឋានផងដែរ។

លោក សាយ គឹមឡម ក៏បានណែនាំដល់បងប្អូនសមាជិក សមាជិកស សមាគមន៍ទាំងអស់សូមមានការប្រុងប្រយ័ត្ននិងថែរក្សាសុខភាពឱ្យបានមាំមួនដើម្បីជៀសវាងឲ្យផុតពីជំងឺឆ្លងទាំងឡាយដែលនាំឲ្យប៉ះពាល់ដល់ខ្លួនឯងក៏ដូចជាក្រុមគ្រួសារ។

នៅក្នុងឱកាសនេះ លោក សាយ គឹមឡម ក៏បានឧបត្ថម្ភដល់សមាជិក សមាជិកាសមាគមន៍ ទាំងអស់ចំនួន ២១២ កម្មករសំណង់ចំនួន ៩០នាក់ ម៉ូតូឌុប និង ផាសអាប់ ៨២នាក់ នារីខារ៉ាអូខេ ៤០នាក់ ដែលម្នាក់ៗនូវថវិកា ៣០.០០០រៀល ស្រាបៀរ និងភេសជ្ជៈមួយចំនួនសម្រាប់អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ហើយក្នុងនោះ ក៏មានថវិកាបីលានរៀលដែលឧបត្ថម្ភដោយលោកឈឹម ចន្ទកុសល អគ្គបេឡារងធនាគារជាតិនៃកម្ពុជាផងដែរ៕