(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា នឹងពង្រឹងទំនាក់ទំនងល្អ រវាងអ្នកសារព័ត៌មានជាមួយរដ្ឋបាលខេត្ត រវាងអ្នកសារព័ត៌មាន ជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រវាងអ្នកសារព័ត៌មាន ជាមួយរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យកាន់តែមានភាពស្និទស្នាលថែមទៀត។

ការថ្លែងរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ នាព្រលប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្ត។

ពិធីនេះ មានការចូលរួមពីលោកស្រី ហែម សុគុណពិសី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និងមន្ត្រីរាជការបម្រើការងារនៅមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ ជាច្រើនអង្គភាពទៀត។

លោក គីម រិទ្ធី បានថ្លែងថា រូបលោកស្រឡាញ់ និងចូលចិត្តគោរពវិស័យព័ត៌មាន ហើយចង់ឲ្យវិស័យព័ត៌មានដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម ក៏ដូចជាតថាភាព និងសកម្មភាព នៃមន្ត្រីរាជការរបស់យើង។ លោកបន្តថាអ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំង ក៏ដូចជាបង្ហាញពីសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋផងដែរ។

បើតាមលោក គីម រិទ្ធី សារព័ត៌មានមាន៣កម្រិត៖ គឺកម្រិតទី១៖ ផ្សាយពីព័ត៌មានឆៅ គឺឃើញអីផ្សាយហ្នឹង ឃើញអីនិយាយហ្នឹង កម្រិតទី២៖ ពេលដែលយើងឃើញហើយ យើងត្រូវវិភាគ ពេលវិភាគហើយទើបយើងចាប់ផ្តើមសរសរ, ចំពោះកម្រិតទី៣៖ សិល្បៈនៃការសរសេរ យើងឃើញហើយយើងវិភាគ យើងវិភាគហើយយើងចងក្រងជាអត្ថបទ ដើម្បីសរសេរ ឲ្យមានការទាក់ទាញជ្រាប ឲ្យដល់បេះដូងប្រជាពលរដ្ឋ។

លោក គីម រិទ្ធី ក៏បានថ្លែងនូវការសប្បាយរីករាយ បន្ទាប់ពីលោកបានចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ អស់រយៈពេល១ឆ្នាំកន្លះមកនេះ គឺបងប្អូនអ្នកសារព័ត៌មានរបស់យើង បានផ្តល់យុត្តិធម៌ដល់រូបលោក ដល់មន្ត្រីរបស់លោកតាំងពីថ្នាក់ខេត្ត ក្រុង ស្រុក នៅតាមមូលដ្ឋាន។

លោកបញ្ជាក់ថា មកដល់ម៉ោងនេះ លោកមិនដែលឈ្លោះគ្នាជាមួយអ្នកកាសែតយ៉ាងមិចទេ កន្លងមកបើអ្នកកាសែតចុះត្រូវយើងកែតម្រូវ ប៉ុន្តែបើអ្នកកាសែតចុះខុសយើងឲ្យគាត់បំភ្លឺទៅវិញ។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងយ៉ាងដូច្នេះទៀតថា ចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ឆ្នាំថ្មីនេះ យើងនឹងរៀបចំយន្តការបន្ថែមទៀត ឲ្យបានលឿនជាងមុន ដោយយើងមានអ្នកនាំពាក្យរដ្ឋបាលខេត្ត មានប្រធានមន្ទីរព័ត៌មានខេត្ត និងមានក្រុមការងារគ្រប់គ្រងព័ត៌មាន៥នាក់ទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យបានលឿន ទាន់ពេលវេលា។

ពោលគឺអ្វីដែលលោកចង់បាន គឺមានព្រឹត្តិការណ៍អ្វីមួយកើតឡើង គឺត្រូវឆ្លើយភ្លាមៗ ឲ្យបានលឿនកុំជំពាក់ករណីដោយរង់ចាំនៅថ្ងៃស្អែក ជាមួយគ្នានេះ លោកនឹងបន្តពង្រឹងទំនាក់ទំនងល្អ រវាងអ្នកសារព័ត៌មាន និងរដ្ឋបាលខេត្ត មន្ទីរអង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៅតាមមូលដ្ឋាន ឲ្យកាន់តែជិតស្និទ្ធ៕