(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅទីបញ្ជាការដ្ឋាន កងការពារព្រំដែនលេខ៥០១ ឃុំថ្មដា ស្រុកវាលវែង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារ តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ រួមមានបញ្ជាការដ្ឋាន កងការពារព្រំដែនលេខ៥០១ និងបញ្ជាការដ្ឋានវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨២៥ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧។

ថ្លែងនាឱកាសនោះ លោក ខូយ រីដា បានពាំនាំនូវការសួរសុខទុក្ខ ដល់កងកម្លាំងពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ។

លោក ខូយ រីដា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ សម្តេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងយើង ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ជាពិសេសការចុះជួបសំណេះសំណាល ពីថ្នាក់ដឹកនាំខេត្តនាពេលនេះ ក៏ដូចជាការយកចិត្តទុកដាក់ ចង់ដឹងសុខទុក្ខ កងកម្លាំងរបស់យើងផងដែរ។

លោកអភិបាលខេត្តបន្តថា ការចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងជួរមុខ ការពារខ្សែបន្ទាត់ព្រំដែនជាការផ្សារភ្ជាប់ រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើននូវការទំនាក់ទំនង ឲ្យកាន់តែល្អនឹងគ្នា ក្នុងការទ្រទ្រង់នូវជីវភាព និងភាពចាំបាច់របស់កងទ័ព ពិសេសកងកម្លាំងអនុសេនាតូចទី១, ផ្នែកសឹករងស្រុកវាលវែង, កម្លាំងបញ្ជាការដ្ឋានកងការពារព្រំដែនលេខ៥០១ និងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចការពារបូរណាភាពទឹកដី នាពេលនេះ។

លោក ខូយ រីដា បានសម្តែងនូវការគោរពកោតសរសើរ ដឹងគុណចំពោះវីរភាព ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជនរបស់កងទ័ពយើង។
លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងគ្រប់កងឯកភាព ត្រូវបន្តកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាឲ្យបានល្អ ជាមួយកងកម្លាំងជាមួយបណ្តាប្រទេសជាមិត្ត និងត្រូវក្តាប់ឲ្យបានសភាពការណ៍ នៅតាមបណ្តោយព្រំដែន ដែលខ្លួនកំពុងឈរជើងការពារ។ ជាមួយគ្នានោះ ត្រូវចូលរួមទប់ស្កាត់ និងការពារធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដល់កូនចៅយើងជំនាន់ក្រោយ។

គួរបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូន បញ្ជាការដ្ឋានកងការពារព្រំដែនលេខ៥០១ និងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ ដោយក្នុងមួយវរៈទទួលបាន៖ អង្ករ២តោន, ស្រាបៀរ៣០កេស, មី១០២កេស, ត្រីងៀត២៥គីឡូក្រាម, ទឹកបរិសុទ្ធ២០កេស, ទឹកត្រី៥០យួរ, ទឹកស៊ីអ៊ីវ៥០យួរ និងថវិកា៥លានរៀល៕