(កំពង់ធំ)៖ លោក ទ្រី ដាលុច អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុក​ប្រាសាទ​បល្ល័ង្ក បានចាត់ទុកការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពេលវេលាដ៏វិសេស​វិសាលក្នុងការបង្ហាញវប្បធម៌ប្រពៃណីពោរពេញដោយមោទនភាពរបស់ខ្មែរ។

នៅព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤នេះ លោក ទ្រី ដាលុច តំណាងអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញបើកកម្មវិធីសង្ក្រាន្តនៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្ត​កំពង់ធំ។ ក្នុងពិធីនោះ មានការនិមន្តចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជា​យុវជន​នៅទូទាំងស្រុកប្រាសាទបល្ល័ង្ក។

ថ្លែងទៅកាន់កម្មវិធីនាឱកាសនោះ លោក ទ្រី ដាលុច បានបង្ហាញអារម្មណ៍រីករាយក្រៃលែង ចំពោះការរៀប​ចំព្រឹត្តិការណ៍សង្ក្រាន្តនៅតាមបណ្តាទីតាំងនានា ជាពិសេសក្នុងស្រុកប្រាសាទបល្ល័ង្ក។ លោក ទ្រី ដាលុច បានគូសរំលេចថា ព្រឹត្តិការណ៍សង្ក្រាន្ត ជាពេលវេលាបង្ហាញវប្បធម៌ប្រពៃណីជាតិខ្មែរ ហើយក៏ជាការអភិរក្សសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិផងដែរ។

លោក ទ្រី ដាលុច ក៏បានកោតសរសើរចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តក្នុងស្រុកប្រាសាទបល្ល័ង្ក ដោយ​មានការរួបរួមសាមគ្គីគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តយ៉ាងផុលផុស។ ការរួមគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្ត​ក្នុង​ស្រុកប្រាសាទបល្ល័ង្ក មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយក្នុងពេលបុណ្យចូលឆ្នាំប៉ុណ្ណោះទេ តែក៏នឹងនាំមកនូវសាមគ្គីភាពរបស់ប្រជាពលរដ្ឋ និងយុវជនក្នុងស្រុកផងដែរ។

«ខ្ញុំមានជំនឿយ៉ាងមុតមាំថា សង្ក្រាន្តស្រុកប្រាសាទបល្ល័ង្កនឹងក្លាយជាព្រឹត្តិការណ៍ថ្មី ដែលពង្រឹងបន្ថែមនូវឯកភាព សាមគ្គីភាព មិត្តភាព ស្មារតីគ្រួសារខ្មែរ សេចក្តីអំណរសាទរ ភាពសុខដុម សុភមង្គល និងមោទនភាពក្នុងចំណោមយុវវ័យ»។ នេះជាការគូសរំលេចរបស់លោក ទ្រី ដាលុច។

ក្នុងឱកាសនោះ លោក ទ្រី ដាលុច បានសំណូមពរដល់យុវវ័យទាំងអស់យកចិត្តទុកដាក់លើសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ធ្វើជាគំរូល្អ ដោយមានការអធ្យាស្រ័យគ្នា គោរពចាស់ទុំ និងត្រូវមានសុជីវធម៌ល្អ។ លោក ទ្រី ដាលុច ក៏បានលើកទឹកចិត្តដល់យុវវ័យរួមគ្នាលេងល្បែងប្រជាប្រិយខ្មែរដែលមានដូចជា ចោល ឈូង បោះអង្គញ់ វាយក្អម ចាប់កូនខ្លែង ស្តេចចង់ ឬអៀវគ្នា រាំដណ្តើមកៅអីគ្នា លោតប៉ាវ ដណ្តើមស្លឹក​ឈើ លាក់កន្សែង ទាញព្រ័ត្រ និងល្បែងពង្រាត់កូនក្រមុំជាដើម។

លោក ទ្រី ដាលុច បានឧបត្ថម្ភថវិកាជាង​ ៤០លានរៀល សម្រាប់រៀបចំព្រឹត្តិការណ៍សង្ក្រាន្តក្នុងស្រុក​ប្រាសាទ​បល្ល័ង្ក។

អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងយុវវ័យ បានសម្តែងក្តីរីករាយជាខ្លាំង ចំពោះការគាំទ្ររបស់ក្រុម​ការងារគណៈពង្រឹងមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ជាពិសេសអ្នកឧកញ៉ា ទ្រី ភាព និងលោក ទ្រី ដាលុច ដែលបានគាំទ្រឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តក្នុងស្រុកប្រាសាទបល្ល័ង្ក៕