(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារថ្លែងអំណរគុណ ជូនលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសដែលផ្ញើសារអបអរសាទរ ជូនដល់សម្ដេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះ ចំពោះសារអបអរសាទរដ៏កក់ក្តៅបំផុតរបស់ ឯកឧត្តមផ្ញើជូនរូបខ្ញុំ ក្នុងឱកាសដែលខ្ញុំ ត្រូវបានបោះឆ្នោត ជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៥, ចំពោះពាក្យពេចន៍ប្រកបដោយសមានចិត្តដ៏ជ្រាលជ្រៅរបស់ ឯកឧត្តម អំពីគុណសម្បត្តិ និងបទពិសោធន៍ ក្នុងការដឹកនាំរបស់ខ្ញុំ និងការលះបង់ស្ទើរតែមួយជីវិតរបស់ខ្ញុំ ក្នុងការបម្រើប្រយោជន៍ សាធារណៈ ព្រមទាំងចំពោះសព្ទសាធុការពររបស់ ឯកឧត្តមដល់រូបខ្ញុំ និងប្រជាជនកម្ពុជាយើង។

ក្នុងនាម ជាប្រធានព្រឹទ្ធសភា ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម និងអគ្គលេខាធិការដ្ឋានអាស៊ាន ដើម្បីចូលរួមចំណែកក្នុងការកសាង សហគមន៍អាស៊ាន ជាពិសេសការតាក់តែង ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ មួយភាគធំ គឺដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៃប្រទេសអាស៊ាន»