(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច អ្នកស្រាវជ្រាវរបស់កម្ពុជាដ៏ឆ្នើមមួយរូប បានលើកឡើងថា កម្ពុជាត្រូវតែធ្វើព្រែកជីកហ្វូណនតេជោឱ្យបាន ទោះបីជាមានការរារាំងគ្រប់មធ្យោបាយ ពីខាងភាគីវៀតណាម បែបណាក៏ដោយ។ លោកបណ្ឌិត ថ្លែងបែបនេះ ក្នុងឱកាសរៀបចំសន្និសីទសារព័ត៌មាន ដើម្បីឆ្លើយតបចំពោះ​ការមួលបង្កាច់មកលើកម្ពុជាជុំវិញ ករណីព្រែកជីកហ្វូណនតេជោ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយអត្ថបទស្រាវជ្រាវមួយសរសេរ ដោយវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) ប្រទេសវៀតណាម បានវាយប្រហារថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះក៏មានតម្លៃចម្បងបម្រើឱ្យវិស័យយោធារបស់ចិនផងដែរ។

លោកបណ្ឌិត សុខ ទូច យល់ថា ការវាយប្រហាររបស់វៀតណាមនេះ ផលប្រយោជន៍វៀតណាម មានធំជាងអាមេរិកទៅទៀត តែគេចេះឆក់ឱកាស វាយឱកាស កម្ទេចឱកាស និងពិនិត្យពិច័្ចយយកឱកាស។ វៀតណាមឆក់ឱកាស នៅពេលដឹងថា អាមេរិកបារម្ភ ៣ចំណុច ចំពោះចិន គឺបារម្ភទី១ ចិនចូលមក បារម្ភទី២ ចិនបង្កើតសក្តានុពេលសេដ្ឋកិច្ច និងបារម្ភទី៣ យុទ្ធសាស្ត្រចិនដាក់ផ្កាយរណប គេអាចទាក់ទាញយុទ្ធសាស្ត្រនៅក្នុងអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យមានការគ្រប់គ្រងងាយស្រួល វៀតណាមឆក់ឱកាសភ្លាម។

ទាក់ទងនឹងចំណុចនេះ លោកបណ្ឌិត បានអះអាងថា វៀតណាមឆក់ឱកាស ដោយសារចំណេញ៣ចំណុច រួមមាន៖

* ចំណេញទី១៖ គេអត់ចង់ឱ្យយើងមានផែទឹកជ្រៅ គេស្រួលធ្វើពាណិជ្ជកម្ម
* ចំណេញទី២៖ គេអត់ចង់ឱ្យយើងមាននាវាកម្រិតទឹកជ្រៅ ធម្មតាកម្ពុជាក៏អាចទិញនាវាល្អៗបានដែរ នៅពេលដែលមាននាវាទឹកជ្រៅ
* ចំណេញទី៣៖ វៀតណាមបារម្ភ នៅពេលយើងមានសមត្ថភាពគ្រប់គ្រាន់ យើងមានលទ្ធភាពគ្រប់គ្រាន់ យើងមានសក្តានុពលដ៏អស្ចារ្យមួយ គេឆក់ឱកាសចាប់ដៃជាមួយអាមេរិក។

លោកបណ្ឌិតក៏បន្ថែមទៀតថា៖ វៀតណាម ចង់យកបញ្ហាហ្នឹងទៅវាយឱ្យមានរលកនយោបាយ ហើយឱ្យពួកបញ្ចឹមប្រទេស ពួកអឺរ៉ុប ពួកអាមេរិក មិនចង់ទិញផលិតផលរបស់កម្ពុជា ដោយហ៊ុមព័ទ្ធ ព្រោះគេធ្លាប់ហ៊ុមព័ទ្ធអ្វីដែលកើតមានមកហើយ។ អីចឹង ឱកាសហ្នឹងវៀតណាមយកដើម្បីឱ្យកម្ពុជាចុះខ្សោយ ហើយគេចាប់ផ្តើមពង្រឹងសមត្ថភាពរបស់គេ ឱ្យកម្ពុជាខ្ចីច្រមុះវៀតណាមដកដដែល។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះ «ដូច្នេះ ខ្ញុំជឿថា កម្ពុជាក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ។ រស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ហើយយើងត្រូវតែធ្វើ ត្រូវតែហ៊ានធ្វើ។ ខ្ញុំមកនិយាយនេះ មិនមែនតួនាទីប្រធានរាជបណ្ឌិត្យសភាទេ គឺក្នុងនាមអ្នកស្រាវជ្រាវ។ ដូច្នេះ ហើយយើងជាកូនខ្មែរទាំងអស់គ្នា យើងរួមគ្នាធ្វើ ដើម្បីផលប្រយោជន៍ជាតិយើង ព្រោះយើងមានផែទឹកជ្រៅយូរហើយ ខ្ញុំមិនរម្លឹកទេ ផែចំនួន៣ ត្រូវចងចាំ តែឥលូវយើងអត់មាន»

ពាក់ព័ន្ធនឹងព្រែកជីកហ្វូណនតេជោនេះ ដំបូងរដ្ឋាភិបាលវៀតណាម បានបង្ហាញការព្រួយបារម្ភអំពីបរិស្ថាន ហើយភាគីកម្ពុជាក៏បានពន្យល់រួចហើយដែរ។ ប៉ុន្តែ កន្លងមកនេះ អ្វីដែលលើកឡើងដោយរដ្ឋាភិបាលវៀតណាម ដូចជាមិនផុសផុល តែក៏ស្រាប់តែចេញពីអ្នកសិក្សាស្រាវជ្រាវទៅវិញ ហើយបន្ទោរដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក។

ឆ្លើយតបចំពោះរឿងនេះ កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញច្រានចោលទាំងស្រុងទៅនឹងការចោទប្រកាន់នេះដែរ។ សម្តេចបញ្ជាក់ថា ព្រែកជីហ្វូននេះ ធ្វើឡើងដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ហើយគ្មានការចាំបាច់ណាដែលត្រូវការកងទ័ពចិននោះទេ។ សម្តេចចោទសួរថា កម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?

សម្តេចបានអំពាវនាវកុំឱ្យមានការមួលបង្កាច់កម្ពុជា ក្នុងគោលបំណងប្រឆាំងចិនតទៅទៀត ដោយលើកឡើងថា៖ «យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។ យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកឯងមើលងាយពួកខ្ញុំ»