(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារថ្លែងអំណរគុណ ចំពោះលោកស្រី VALENTINA MATVIENKO ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ដែលបានផ្ញើសារអបអរសាទរសម្តេច ក្នុងឱកាសដែលត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ខ្ញុំសូមអរគុណដោយស្មោះ ដល់ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី និងលោកជំទាវ ចំពោះការអបអរសាទរ ដែលបានផ្ញើជូនរូបខ្ញុំ ក្នុងឱកាសដែលខ្ញុំ ត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥, ចំពោះពាក្យពេចន៍ប្រកប ដោយសមានចិត្តយ៉ាងជ្រាលជ្រៅរបស់លោកជំទាវ ស្តីពីការដឹកនាំ និងជោគជ័យរបស់ខ្ញុំជាអ្នកនយោបាយ ហើយនិងសព្វសាធុការពររបស់លោកជំទាវ ដើម្បីភាពជោគជ័យរបស់ខ្ញុំ ក្នុងការដឹកនាំព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើប្រយោជន៍ប្រជាជនកម្ពុជា។

ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី មានចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិ ការជាប្រវត្តិសាស្ត្រ និងជាប្រពៃណីរឹងមាំយូរអង្វែង ដែលបាននាំមកនូវផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។ ស្ថាប័ននីតិប្បញ្ញត្តិរបស់យើង ដោយឡែកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី មានទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការប្រកបដោយស័ក្តិសិទ្ធភាព។

ក្នុងនាមជាប្រធានព្រឹទ្ធសភាកម្ពុជា ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ និងសហការី ដើម្បីបន្តកែលម្អបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសយើងទាំងពីរ ដើម្បីលើកតម្កើងឧត្តមប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ។

សូម លោកជំទាវ ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ»៕