(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកសិក្សាស្រាវជ្រាវ បានលើកឡើងថា កម្ពុជាដែលធ្លាប់ឈ្លក់នឹងសង្គ្រាមតាំងពីឆ្នាំ១៩៧០ ហើយមិនចង់ជួបអ្វីដែលហៅថាជា «ទិដ្ឋភាពភូមិសាស្ត្រនយោបាយ» តទៅទៀតទេ។

ការយល់ឃើញរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើងចំពេលដែលពិភពលោកកំពុងប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ជាពិសេសការប្រកួតប្រជែងរវាងអាមេរិក និងចិន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ លោកបណ្ឌិតសភាចារ្យ បានលើកឡើងដូច្នេះថា៖ «កម្ពុជាឈ្លក់នឹងសង្គ្រាមតាំងពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៨៩ ទើបយើងបានបញ្ចប់នូវនយោបាយបែងចែកស្បែកខ្លា អញ្ចឹងកម្ពុជាមិនចង់ជួបអ្វីដែលហៅថាជាទិដ្ឋភាពភូមិសាស្ត្រនយោបាយតទៅទៀតទេ ប៉ុន្តែក៏កម្ពុជាប្រើប្រាស់យុទ្ធសាស្រ្តផ្កាចម្រុះពណ៌ដែរ»

បើតាមលោកបណ្ឌិត, បើប្រៀបធៀបជាមួយប្រទេសជិតខាងទាំងពីរ ថៃ និងវៀតណាម កម្ពុជានៅខ្សោយខាងភូមិសាស្ត្រនយោបាយ ខណៈដែលយើងប្រកាន់នូវរដ្ឋធម្មនុញ្ញ ដែលចែងថា មិនឱ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីកម្ពុជា ហើយក៏មិនឱ្យមានវត្តមានកងទ័ពកម្ពុជាលើទឹកដីបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិ។

ទោះជាយ៉ាង លោកបានលើកឡើងថា ប្រទេសណាក៏មានការហ្វឹកហាត់កងទ័ពដែរ ហើយការហ្វឹកហាត់របស់កម្ពុជាកន្លងមក ដែលមានកិច្ចសហការជាមួយប្រទេសផ្សេងៗ ដូចជាសហរដ្ឋអាមេរិក ចិន រុស្ស៉ីជាដើម គ្រាន់តែជាការផ្លាស់ប្តូរបទពិសោធន៍ ហើយជាការអភិវឌ្ឍសមត្ថភាពរបស់កងទ័ពប៉ុណ្ណោះ៕