(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅដើមអាណត្តិថ្មីនេះសម្តេចបានសម្រេចអនុម័តនូវគម្រោងមួយដើម្បីដោះស្រាយបញ្ហាទឹកលិចភ្នំពេញ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៣០០លានដុល្លារ ដោយគម្រោងនេះបានផ្តោតទៅលើ ២មុខព្រួញ មានទី១៖ ការបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ, ទី២៖ ដោះស្រាយប្រព័ន្ធរំដោះទឹកនៅក្នុងរាជធានីភ្នំពេញដែលមានស្រាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូចនេះនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ទាក់ទងទៅនឹងការដោះស្រាយបញ្ហាទឹកលិច នៅតាមបណ្តាទីប្រជុំជនធំៗមួយចំនួន នៅដើមអាណត្តិនេះខ្ញុំបានដាក់ចេញនូវគោលការណ៍ និងផ្តល់នូវគោលការណ៍ និងរៀបចំផែនការមួយចំនួន ក្នុងនោះនៅក្នុងរាជធានីភ្នំពេញ ខ្ញុំបានអនុម័តនូវគម្រោងមួយនៅក្នុងមួយអាណត្តិថ្មីនេះ ដើម្បីខិតខំធ្វើយ៉ាងណាដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ ខ្ញុំអនុម័តគម្រោងជាង ៣០០លានដុល្លារ និងបានកំពុងអនុវត្តន៍»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គម្រោងមួយនេះបានផ្តោតទៅលើ ២មុខព្រួញ ដែលមុខព្រួញទី១ គឺការបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ, ទី២ ដោះស្រាយប្រព័ន្ធរំដោះទឹកនៅក្នុងរាជធានីភ្នំពេញដែលមានស្រាប់ ដែលមានស្ថាប័នទទួលខុសត្រូវ មានក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីសាធារណការ និងសាលារាជធានីភ្នំពេញ ហើយកិច្ចការនេះនឹងផ្តោតលើការកាយប្រឡាយរំដោះទឹក រៀបចំស្តារដាក់លូថ្មី និងរៀបចំបង្កើតស្ថានីយបូមទឹក។ ផែនការនេះកំពុងតែចាប់ផ្តើមជាបណ្តើរៗហើយ ដែលមកដល់ពេលនេះមន្ត្រីជំនាញកំពុងសិក្សាលើផលប៉ះពាល់ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ចំពោះមុខព្រួញទី១ សម្រាប់ការបញ្ជៀសទឹកពីខាងក្រៅ គឺមានក្រសួងធនធានទឹក និងឧត្តុនិយមជាអ្នកអនុវត្តន៍កិច្ចការនេះ ដោយខិតខំធ្វើយ៉ាងណាបណ្តោះទឹកឱ្យបានច្រើន ធ្វើយ៉ាងណាកុំឱ្យទឹកធ្លាក់ខ្លាំងទៅលើស្ទឹងព្រែកត្នោត។ សម្រាប់ការបញ្ជៀសទឹកពីខាងក្រៅនេះ គឺខិតខំធ្វើការស្តារប្រឡាយដែលមានស្រាប់ ក្នុងនោះមានប្រឡាយធំៗចំនួន៣ ស្ទឹងតូចៗចំនួន១០ និងកសាងស្ថានីយបូមទឹកថ្មីចំនួន ៤កន្លែង និងប្រព័ន្ធប្រឡាយពាក់ព័ន្ធមួយចំនួនទៀត សំដៅធ្វើយ៉ាងណាបញ្ជៀសទឹកឱ្យបានច្រើន កុំឱ្យធ្លាក់មករាជធានីភ្នំពេញ និងបញ្ជូនឱ្យហូរចុះទៅក្នុងទន្លេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ពាក់ព័ន្ធទៅនឹងកិច្ចការងារនេះដែរ គឺសំដៅធ្វើយ៉ាងណាកុំឱ្យមានទឹកច្រើនពេកនៅខែវស្សា រហូតឈានដល់ការលិចលង់ និងកុំឱ្យមានការខ្វះខាតទឹកនៅខែប្រាំង ហើយកិច្ចការងារនេះគឺធ្វើឡើងដើម្បីធានាឱ្យបាននូវការគ្រប់គ្រងទឹកឱ្យបានល្អប្រសើរផងដែរ៕