(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រសួងស្ថាប័ន្ធពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹក ក្នុងតំបន់៣ នៅជុំវិញបឹងទន្លេសាប។

ជាមួយគ្នានេះ សម្តេចក៏បានជំរុញឱ្យបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់១ តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំ ព្រមទាំងការទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដីក្នុងអាងស្តុកទឹក, ដីព្រៃលិចទឹក, ការចាក់ដី និងថ្មចូលក្នុងទន្លេ ស្ទឹង អូរ និង បឹងបួរ នៅទូទាំងប្រទេស។

ការណែនាំរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ​សម្រាប់​ឆ្នាំ​២០២៤ ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

សម្តេចបានបញ្ជាក់ថា «ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសបិទសន្និបាតក្រសួងកសិកម្ម រហូតមកដល់ពេលនេះ មានរយៈពេល៧២ថ្ងៃគត់ ក្រុមការងារចម្រុះបានចុះធ្វើការងារជាបន្តបន្ទាប់ ទី១-ដោយបានផ្ទៀងផ្ទាល់ទិន្នន័យពាក់ព័ន្ធតំបន់បឹងទន្លេសាប ហើយបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីឡើងវិញ ដើម្បីកំណត់ឱ្យច្បាស់អំពីតំបន់១ តំបន់២ និងតំបន់៣, ទី២ បានរៀបចំបោះបង្គោល ដោយខ្ញុំបានអនុម័តថវិកា៤លានដុល្លារ ដើម្បីជាជំហានមួយក្នុងការបង្គោល ឥឡូវចាប់ផ្តើមបោះបណ្តើរៗ ហើយយើងសហការចុះបញ្ជីនៅតំបន់ទន្លេសាបឱ្យបានឆាប់»។

សម្តេចបន្ថែមថា ពេលជាមួយគ្នានេះការចុះកំណត់ឱ្យច្បាស់អំពីតំបន់១ តំបន់២ និងតំបន់៣ នៃបឹងទន្លេសាបនេះ ក្រសួងស្ថាប័នជំនាញ និងអាជ្ញាធរខេត្តជុំវិញទន្លេសាប ក៏បានចាត់វិធានការទប់ស្កាត់នូវការទន្ទ្រានផ្សេងៗ ដែលថ្មីៗនេះក៏មានការចាប់ខ្លួនមន្ត្រី និងឈ្មួញមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំងផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាថែរក្សាបឹងទន្លេសាប ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជនរាប់លាននាក់ នៅទូទាំងប្រទេស។ សម្តេចសង្កត់ធ្ងន់ថា កិច្ចការការពារដីអភិរក្សបឹងទន្លេសាប ត្រូវតែបន្តធ្វើដោយគ្មានដកថយឡើយ។

ជាមួយគ្នា សម្តេចធិបតី ក៏បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ត្រីក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមក្នុងការអភិរក្សបឹងទន្លេសាប ដោយទទួលបានលទ្ធផលល្អ៕