(ភ្នំពេញ)៖ លោកស្រី V.MATVIENKO ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៉ី បានផ្ញើសារលិខិតសម្តែងការអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចត្រូវបានសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជាឯកច្ឆ័ន្ធជ្រើសរើសជា «ប្រធានព្រឹទ្ធសភា» នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងសារលិខិតអបអរសាទរលោកស្រី V.MATVIENKO បានបញ្ជាក់ដូចនេះថា «ក្នុងនាមក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៉ី និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរសម្តេច ចំពោះការចូលកាន់តំណែងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា»។

នៅសហព័ន្ធរុស្ស៉ី សម្តេចត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកដឹកនាំដែលមានបទពិសោធន៍ និងសិទ្ធិអំណាចខ្លាំង ជាអ្នកនយោបាយជោគជ័យមួយរូប។ យើងសូមវាយតម្លៃខ្ពស់ចំពោះការរួមចំណែកផ្ទាល់ខ្លួនរបស់សម្តេច ចំពោះការអភិវឌ្ឍទំនាក់ទំនងរុស្ស៉ី-កម្ពុជា ក៏ដូចជាសមាសភាគសភាផងដែរ។

ដោយផ្អែកលើទំនៀមទម្លាប់ល្អនៃមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ប្រទេសរបស់យើងបានចាក់មូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ការពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងរបស់យើងក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងមនុស្សធម៌។ ខ្ញុំប្រាកដថា ការបោះឆ្នោតរបស់សម្ដេច ជាប្រធាន ព្រឹទ្ធសភា នឹងផ្តល់កម្លាំងរុញច្រានថ្មីមួយសម្រាប់កិច្ចសន្ទនាសភារុស្ស៉ី-កម្ពុជា ទាំងក្នុងទម្រង់ទ្វេភាគី និងនៅលើវេទិកាអន្តរជាតិ៕