(ភ្នំពេញ)៖ យុវជន ២នាក់ បានបើករថយន្ដ Visto ទៅបុកដើមឈើបណ្ដាលឲ្យ ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចស្គាល់ថា អ្នកស្លាប់ជាកូននាយរងការិយាល័យអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ឈានចូល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅចន្លោះគីឡូម៉ែត្រលេខ១១២-១១៣ ស្ថិតក្នុងឃុំបិតត្រាំ ស្រុកព្រៃនប់។

លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់នេះ មានអាយុប្រហែល១៥ឆ្នាំ ហើយក្នុងនោះម្នាក់បានបាត់បង់ជីវិត នៅកន្លែងកើតហេតុ ត្រូវជាកូនប្រុស លោក ណាង សារឿន នាយរងការិយាល័យអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្ត ចំណែកម្នាក់ទៀត រងរបួសបាក់ជើងធ្ងន់ធ្ងរ ឈ្មោះ លី  រ៉ុងរ៉ាត់ ត្រូវបានបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្នំពេញ។
ទោះជាយ៉ាងណាក្ដី សមត្ថកិច្ចមូលដ្ឋាន មិនទាន់បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីមូលហេតុអ្វីនោះទេ ប៉ុន្ដែសមត្ថកិច្ចបានប្រាប់ថា រថយន្ដនេះបើកបរ ក្នុងល្បឿងយ៉ាងលឿន៕