(កំពង់ធំ)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុក និងឃុំទាំង៩ របស់ស្រុកសណ្ដាន់ ព្រមទាំងប្រគល់រថយន្តសង្គ្រោះ ជូនមន្ទីរពេទ្យបង្អែកស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុក អនុប្រធានប្រចាំការចុះមូលដ្ឋានស្រុកសណ្ដាន់ បានឡើងអានសេចក្តីសម្រេចលេខលេខ ១០ /២០២៤ សសរ  ស្ដីពីការបែងចែកសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុក និងសេចក្តីសម្រេចលេខ០២០/២០២៤ សសរ របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ ស្តីពីការរៀបចំបែងចែកសមាសភាពក្រុមការងារចុះមូលដ្ឋានឃុំទាំង៩របស់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក ម៉ៅ សុផាន់ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ បានឡើងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះមន្ត្រីរាជការ អាជ្ញាធរភូមិឃុំស្រុក នៅក្នុងស្រុកសណ្ដាន់ ដែលបានខិតខំបំពេញ ភារកិច្ចក្នុងការបម្រើជាតិនិងប្រជាជនបានល្អប្រសើរ ។

លោកបានក្រើនរំលឹកដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការគ្រប់រូប ត្រូវបន្តខិតខំបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម និងបានគូសបញ្ជាក់ថាស្នាមញញឹមរបស់ប្រជាជន គឺជាសេចក្តីសុខ និងសុភមង្គលរបស់យើង គ្រប់គ្នាៗ។

លោក ម៉ៅ សុផាន់ បានព្រមានថា មិនមានការយោគយល់ចំពោះមន្ត្រីណាមួយដែលឃុបឃិត ឬធ្វើជាមេខ្លោងក្នុងការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ ឬទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ឬជាមេខ្លោងជួញដូរ ឬប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ដូច្នេះបើសិនមានមន្ត្រីណាប្រព្រឹត្តខុសឆ្គងសុំឲ្យដកខ្លួនចេញផុតពីបទល្មើសនានាជាបន្ទាន់។

លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក បានអញ្ជើញប្រគល់រថយន្តគិលានសង្គ្រោះមួយគ្រឿង គ្រែពេទ្យ ដែលមានប្រដាប់វាស់ស្ទង់សម្ពាធឈាម និងចង្វាក់បេះដូង ចំនួនមួយគ្រែ ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ហើយនឹងបានសន្យាឧបត្ថម្ភប្រេងឥន្ធនៈសម្រាប់រថយន្តគិលានសង្គ្រោះប្រចាំខែក្នុងមួយខែចំនួន៣០០លីត្រ និងឧបត្ថម្ភថវិកាបន្ថែមសម្រាប់អ្នកបើកបររថយន្តគិលានសង្គ្រោះក្នុងមួយខែ១០០ដុល្លារផងដែរ៕