(បន្ទាយមានជ័យ)៖ មន្ត្រីសាធារណការ និងដឹកជញ្ជូន នគរបាលចរាចរណ៍ និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅផ្លូវបំបែកព្រំប្រទល់ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។

លោក គង់ ប៊ុនលឿត អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរឆ្នាំ២០២៤នេះ ដើម្បីការពារសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋធ្វើដំណើរកំសាន្ត លោក សុក ចាន់ថា ប្រធានមន្ទីរ បានចាត់តាំងឲ្យលោក ដឹកនាំមន្ត្រីជំនាញ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ និងក្រុមយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងណែនាំដល់ប្រជាពលរដ្ឋធ្វើដំណើរចូលរួមគោរពច្បាប់ចរាចរណ៍។

លោកបានបញ្ជាក់ថា អាត្រាគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយការបើកបរចេញពីកក្តាមនុស្សភាគច្រើន ដែលបើកបរគ្មានការប្រុងប្រយ័ត្ន ជាពិសេសឆ្លងកាត់ផ្លូវចំបែក និងបត់ឆ្វេងស្តាំដែលបណ្តាលគ្រោះថ្នាក់ កើតឡើយដោយញឹកញាប់ រហូតមានបាត់បង់ជីវិត និងមានរងរបួសធ្ងន់ស្រាល និងរងការខូចខាតទ្រព្យសម្បត្តិ និងមានពិការដែលកើតឡើងគ្រោះថ្នាក់ចរាចរណ៍។

លោក គង់ ប៊ុនលឿត បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរឆ្នាំ២០២៤នេះ មន្ត្រីចម្រុះបានចុះធ្វើការផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវមានរថយន្តធុន ធុនតូច និងម៉ូតូ ដើម្បីឲ្យមានការយល់ដឹងការពារគ្រោះថ្នាក់ចរាចរណ៍កើតឡើង យើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាការពារសុវត្ថិភាពនៅពេលធ្វើដំណើរ៕