(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្ត ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត មន្ត្រីរាជការតាមមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចុះចែកវិញ្ញាប័ណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុ និងអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋចំនួន១៤៣គ្រួសារ នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងប្រាប់ប្រជាពលរដ្ឋថា គោលការណ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង គឺប្រគល់ភារកិច្ចឱ្យក្រសួងរៀបចំដែនដី រយៈពេល២ឆ្នាំចេញកម្មសិទ្ធដីធ្លី ស្របច្បាប់ឱ្យអស់ ដីដែលមិនមានទំនាស់ ដោយរាជរដ្ឋាភិបាលបានចេញថវិកាឱ្យអ្នកវាស់វែងទៀតផង ធ្វើយ៉ាងណាចេញកម្មសិទ្ធដីធ្លីស្របច្បាប់របស់ប្រជាពលរដ្ឋឱ្យអស់ក្នុងរយះពេល២ឆ្នាំ។

លោក ម៉ៅ សុផាន់ ថ្លែងបន្តទៀតថា អ្វីដែលលោកបានសន្យាជាមួយប្រជាពលរដ្ឋ ពេលដែលលោកអញ្ជើញមកទីនេះជាលើកទី១ គឺបានធ្វើរួចរាល់ជូនប្រជាពលរដ្ឋហើយ មានផ្លូវប្រវែង១២គីឡូម៉ែត្រ ចេញកម្មសិទ្ធដីធ្លីស្របច្បាប់ ស្រះទឹក និងតបណ្តាញអគ្គិសនីចូលភូមិ ក៏រួចរាល់ហើយដែរ។

លោកបញ្ជាក់ថា ចំពោះតម្លៃសេវារដ្ឋក្នុងការធ្វើប្លង់ដី គឺរូបលោក និងលោក គីម រិទ្ធី ព្រមទាំងលោក សំ សារឿន ប្រធានមន្ទីរដែនដីខេត្ត ជាអ្នកចេញជំនួសពលរដ្ឋ។ ដោយឡែកទាក់ទងនិងការតណ្តាញអគ្គិសនីចូលផ្ទះ ក្នុងចំណោម ៧២ខ្នងផ្ទះ គឺមាន១៥ខ្នងផ្ទះបានតភ្លើងចូលរួចហើយ នៅសល់៥៧ខ្នងផ្ទះទៀត ដែលមិនទាន់តភ្លើងចូល គឺលោកជួយចេញ៥០% ដើម្បីឱ្យពលរដ្ឋបានភ្លើងប្រើមុនចូលឆ្នាំ។

ដោយឡែកលោក គីម រិទ្ធី បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលតែងតែខ្វល់ខ្វាយពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយ៉ាល។ លោកអភិបាលខេត្ត បានថ្លែងអំណរគុណប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្ត ដែលបានដឹកគ្រឿងចក្រសម្រួលផ្លូវប្រវែង១២គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋបានធ្វើដំណើរស្រួលជាងមុន និងប្រធានមន្ទីរដែនដីដែលចាត់ក្រុមការងារចុះវាស់ទាន់ ពេលវេលា ដែលថ្ងៃនេះយើងបានចេញបណ្ណជូនគាត់ចំនួន៣១៧បណ្ណ ស្មើ២៩៤ហិកតា។

សូមបញ្ជាក់ថា អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលនាំមកចែកជូនប្រជាពលរដ្ឋចំនួន១៤៣គ្រួសារនៅភូមិម្រេចនាពេលនេះ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ថវិកា៥០០០០រៀល ទឹកក្រូច១កេស ទឹកបរិសុទ្ធ១កេស ស្ករ២គីឡូ ប្រេងឆា១ដប និងសារុង១ផងដែរ៕