(ភ្នំពេញ)៖ មជ្ឈមណ្ឌលទារក និងកុមារជាតិ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ដល់បុគ្គលិក កុមារពិការ និងកំព្រា នៅក្នុងមជ្ឈមណ្ឌល។ កម្មវិធីនេះ ប្រារព្ធទៅបានក្រោមជំនួយរបស់ លោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងភរិយា។

លោកស្រី ថោ ពៅ ប្រធានមជ្ឈមណ្ឌលទារក និងកុមារជាតិ បានថ្លែងអំណរគុណ កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង និងភរិយា ដែលបានប្រើប្រាស់ មូលនិធិហោ ណាំហុង-បុរី ហោ ផ្តល់ជំនួយឧបត្ថម្ភថវិកាដល់ មជ្ឈមណ្ឌលទារក និងកុមារជាតិរៀងរហូតមក។

បើតាមលោកស្រី ថោ ពៅ តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង បានផ្តល់ជំនួយឧបត្ថម្ភថវិកាដល់ មជ្ឈមណ្ឌលទារក និងកុមារជាតិ ជាង ៣០ម៉ឺនដុល្លារអាមេរិក។

សូមជម្រាបថា បុរីទារក និងកុមារជាតិ កំពុងចិញ្ចឹម និងមើលថែកុមារកំព្រា និងកុមារពិការ ដែលសុទ្ធសឹងជាក្រុមមនុស្សបញ្ហាអូទីសឹម (autism) ជាង ១០០នាក់។ បង្កើតឡើង នៅឆ្នាំ១៩៨០ គឺឥឡូវនេះ បុរីទារក និងកុមារ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕