(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៣៦៧នាក់។

វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងដើម្បីពង្រឹងស្ថាប័ន ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ចំពោះឯកសារបណ្តុះបណ្តាលក្នុងសប្តាហ៍នេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីសមាសធាតុនៃការបំពេញការងាររបស់បុគ្គលិក(job performance) និងបានសង្កត់ធ្ងន់លើការដំណើរការនៃការធ្វើការវាយតំលៃការបំពេញការងាររបស់បុគ្គលិក (staff performance evaluation) ក្នុងគោលបំណងស្វែងយល់អោយបានកាន់តែសុីជម្រៅចំពោះបុគ្គលិកនិងការទទួល រួមទាំងការជូនព័ត៌មានត្រលប់បែបស្ថាបនា និងគាំទ្រ(constructive feedback) ដល់បុគ្គលិកដើម្បីអោយបុគ្គលិកនិមួយៗអាចបង្កើនលទ្ធផល និងប្រសិទ្ធិភាពការងារ។

ឆ្លៀតឱកាសនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំអង្គភាព និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ចុះជាប់ជាមួយបុគ្គលិកក្រោមឱវាទរបស់ខ្លួន ដើម្បីដឹកនាំការងារគ្រប់គ្រងការងារបុគ្គលិក (Staff performance management) ឱ្យមានប្រសិទ្ធភាពឆ្លើយតបតាមឆន្ទៈ របស់រាជរដ្ឋាភិបាលក្នុងការកែទំរង់រដ្ឋបាលសាធារណៈនៅទូទាំងប្រទេស។

សូមបញ្ជាក់ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕