(កណ្ដាល)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានបន្តបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពីសុវត្ថិភាពអគ្គិភ័យ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្ដាល ដល់តំណាងមកពីសហគ្រាស គ្រឹះស្ថានចំនួន៤៥ នៅក្នុងក្រុងតាខ្មៅ ដែលមានអ្នកចូលរួមសរុបចំនួន១៣០នាក់។

លោក វ៉ុន សុភ័ក្រ អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្ដាល បានលើកឡើងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលបានរៀបចំវគ្គបណ្ដុះបណ្ដាលសុវត្ថិភាពអគ្គិភ័យនេះឡើង ក្នុងគោលបំណងចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន ដោយបង្កើនការយកចិត្តទុកដាក់ក្នុងការរៀបចំ និងដោះស្រាយបញ្ហានៃគ្រោះថ្នាក់អគ្គិភ័យឱ្យបានទាន់ពេលវេលា។ លោកបានបន្ដទៀតថា គ្រោះថ្នាក់នៃអគ្គិភ័យបានបង្កឱ្យមានការខូចខាត ដូចជា បាត់បង់នូវផលប្រយោជន៍ បាត់បង់ឱកាសការងារ និងអាចឈានទៅដល់ការបាត់បង់ជីវិតផងដែរ។

លោក ខុន សុខា អនុប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងពីមូលហេតុដែលបង្កដោយអគ្គិភ័យកើតចេញពីកត្តាមួយចំនួន ដូចជា ការកើនឡើងកម្ដៅ ការទុកដាក់សម្ភារៈមិនត្រឹមត្រូវ ការទុកដាក់សារធាតុគីមី មិនគោរពតាមគោលការណ៍សុវត្ថិភាព និងធាតុផ្សំដែលបណ្ដាលឱ្យមានអគ្គិភ័យ។

លោកបានបន្ដថា ដើម្បីបង្ការ និងកាត់បន្ថយនូវគ្រោះថ្នាក់អគ្គិភ័យ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំសារាចរណែនាំលេខ ០២ សរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ស្ដីពីវិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្ដសាល និងឧស្សាហកម្មទេសចរណ៍ និងសេចក្ដីណែនាំលេខ ០០៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។ មួយវិញទៀត ដើម្បីបង្ការ និងទប់ស្កាត់អគ្គិភ័យ សហគ្រាស គ្រឹះស្ថានត្រូវមានការវាយតម្លៃហានិភ័យការងារ ត្រួតពិនិត្យប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យជាប្រចាំ ស្របតាមលក្ខណបច្ចេកទេស៕