(សៀមរាប)៖ ប្រទេសកម្ពុជា ជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ មិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ ហើយប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះគឺជាប្រទេសធំៗដែលមានឧស្សាហកម្មជឿនលឿន។ នេះការលើកឡើងលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងបទសម្ភាសន៍ជាក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់នៃសិក្ខាសាលាបញ្រ្ជាបចំណេះដឹងស្តីពី «ការប្រែប្រួលអាកាសធាតុទៅកាន់យុវជន និងអ្នកជំនាញសារព័ត៌មានក្នុងស្រុក» នាខេត្តសៀមរាប ក្នុងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ។

ការចេញមុនមកលើកឡើងចំពោះបញ្ហាអាកាសធាតុប្រែប្រួលរបស់លោក ជួប ប៉ារីស៍ បានធ្វើឡើងខណៈដែលពិភពលោកបច្ចុប្បន្ននេះ កំពុងជួបប្រទេសនឹងការប្រែប្រួលអាកាសធាតុ ដូចជាការឡើងកម្តៅថ្ងៃ គ្រោះទឹកជំនន់ ការរលាយផ្ទាំងទឹកកក ការកើនឡើងទឹកកកសមុទ្រ ដែលបង្កឡើងដោយការបញ្ចេញឧស្ម័យផ្ទះកញ្ចក់ដែលបង្កឡើយដោយរោងចក្រ សហគ្រាសធំៗ នៅក្នុងប្រទេសអភិវឌ្ឍន៍។ ត្រង់ចំណុចនេះ គឺជាក្តីកង្វល់រួមរបស់ពិភពលោកទាំងមូល ដើម្បីរួមគ្នាទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាសកលនេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា៖ «តាមរយៈការទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុនេះដែរអ្វីដែលអាចជួយកសិករបាន គឺយើងធ្វើយ៉ាងណាឱ្យពួកគាត់មានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុព្រោះការប្រែប្រួលអាកាសធាតុនេះមានជាដ៏រាបមិនមានការប្រួលប្រួលនោះទេ។ អញ្ចឹងហើយការងារសំខាន់ដែលយើងធ្វើនោះ គឺត្រូវធ្វើយ៉ាងណាឱ្យកសិករចេះបន្សាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាសធាតុតាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ការចេះបង្កើតអេកូទេសចរណ៍ឬយើងហៅថាគោលដៅលំហែកម្សាន្តដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទាញចំណូលមិនរំខានដល់ព្រៃឈើទេ»

លោក ជួប ប៉ារីស៍ បានថ្លែងថា ដើម្បីថែរក្សាព្រៃឈើបានគង់វង្សយើងចាំបាច់ត្រូវឱ្យប្រជាសហគមន៍សហការជាមួយមន្រ្តីឧទ្យានុរក្សដោយក្នុងនេះធ្វើយ៉ាងណាល្បាត និងអភិរក្សព្រៃឈើឱ្យខានតែបាន។

ដោយឡែកដើម្បីសម្រេចឱ្យបាននៃទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ទៅលើការដាំដុះព្រៃឈើ ក្នុងឆ្នាំ២០៥០ ឱ្យបានគម្របព្រៃឈើ៦០ភាគរយ និងដើម្បីឱ្យក្លាយទៅជាប្រទេស ដែលមានអព្យាក្រឹតកាបូននោះត្រូវបានត្រូវបានលោក ជួប ប៉ារីស៍ បានបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវមុំចំនួន៣ គឺទី១៖ ត្រូវដាំដើមឈើឡើងវិញ, ទី២៖ ត្រូវការពារព្រៃឈើ ដែលយើងមានឱ្យគង់វង្ស និងទី៣៖ ជួយដល់សហគមន៍ ឱ្យពួកគាត់មានជីវភាពល្អប្រសើរ និងឱ្យពួកគាត់បានស្វែង យល់ពីអត្ថប្រយោជន៍ នៃព្រៃឈើ ដើម្បីកុំឱ្យរំខាន ឬកាប់ព្រៃឈើនោះទេ។

ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ក៏បានពន្យល់ដែរថា សម្រាប់ការបាត់បង់ព្រៃឈើ គឺជាការបាត់បង់ធនធានធម្មជាតិដ៏សំខាន់ ដែលអាចជួយទប់ស្កាត់ នៃការហូរច្រោះ ធ្វើឱ្យដីល្អ និងរក្សាបានទឹកក្រោមដី ជាជម្រកសត្វព្រៃដ៏សំខាន់ ព្រៃឈើក៏មានសារៈសំខាន់បន្ថែមទៀត ទៅលើការស្រូបកាបូន ជាពិសេសព្រៃឈើបានផ្ដល់សម្រស់ដ៏ស្រស់ត្រកាល និងទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុត។

ដោយឡែកលោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធិភាព និងរក្សាចីរភាព។ ការកែទម្រងការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានដឹកនាំអនុវត្តរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយ និងការប្រែប្រួលអាកាសធាតុ ទំនើបកម្មរដ្ឋបាលនិងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការលើកម្ពស់ការទូតបៃតង ។

គួរបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាមានគោលជំហរច្បាស់លាស់ក្នុងការជំរុញភាពបៃតងរបស់កម្ពុជា ដែលក្នុងនោះក្រសួងបរិស្ថានបានរៀបចំបណ្តុះកូនឈើរួចហើយ សម្រាប់យុទ្ធនាការចែកកូនឈើជាង ១លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំស្តារព្រៃ ដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋានចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤ តទៅ៕