(ភ្នំពេញ)៖ ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្ដរជាតិ ឱ្យបានជ្រាបថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់រថយន្តដឹកអាស៊ីតស៊ុលហ្វួរិច (Sulfuric Acid) នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ

ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ដែលស្ទឹងនេះហូរចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយប្រមាណ ១,៣៧០គីឡូម៉ែត្រ ពីព្រំប្រទល់កម្ពុជា-ឡាវ។

ជាការឆ្លើយតបចំពោះគ្រោះឧបទ្ទវហេតុនេះ ក្រសួងបរិស្ថាន បានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ដោយបានចាត់ក្រុមការងារជំនាញចុះទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គ នៅតាមតំបន់ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការតាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារ ក្នុងខេត្តស្ទឹងត្រែង។

ទន្ទឹមនឹងនេះដែរ ក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើនេះ និងធ្វើការជូនដំណឹងជាសាធារណៈចំពោះការវិវត្តណាមួយពីស្ថានភាពគុណភាពទឹកទន្លេមេគង្គជាបន្តទៀត៕