(ភ្នំពេញ)៖ ក្រោយពីភៀសខ្លួនពីការកាប់សម្លាប់ដ៏ឃោរឃៅ ក្នុងរបបខ្មែរក្រហម អស់រយៈពេល ៥០ឆ្នាំ លោក Sujiro Seam ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន បានមកដល់ដីកំណើតវិញ ជាមួយអារម្មណ៍រំភើប និងសប្បាយរីករាយក្រៃលែង។

លោក Sujiro Seam បានអះអាងថា លោក និងគ្រួសារ បានភៀសខ្លួនពីកម្ពុជា កាលពី៥០ឆ្នាំមុន ដើម្បីគេចពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ការវិលត្រឡប់មកដល់កម្ពុជាក្រោយបែកអស់រយៈពេលជាយូរ ធ្វើឱ្យលោកមានអារម្មណ៍ពិសេសជាងការទៅដល់ប្រទេសនានា។

តាមរយៈ Twitter នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន ខ្ញុំទស្សនកិច្ចគ្រប់រដ្ឋសមាជិករបស់អាស៊ាន។ ដំណើរដំបូងរបស់ខ្ញុំទៅកម្ពុជា ពិតជាពិសេស ពីព្រោះនេះជាកន្លែងដែលខ្ញុំកើត។ វាជាលើកដំបូង ដែលខ្ញុំត្រលប់មកវិញ ក្រោយពីគ្រួសាររបស់ខ្ញុំភៀសខ្លួនកាលពី ៥០ឆ្នាំមុន ពីរបបខ្មែរក្រហម»។

លោក Sujiro Seam ជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន ដែលមានស្ថានឯកអគ្គរដ្ឋទូត ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ លោកបានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

មុនពេលតែងតាំងជាឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុប ប្រចាំនៅអាស៊ាន លោក Sujiro Seam គឺជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅទីក្រុង Suva ប្រទេសហ្វីជី។ ក្នុងអាជីពការទូតរបស់បារាំង លោក Sujiro Seam ក៏ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសហ្វីជី និងអគ្គកុងស៊ុលបារាំង នៅទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ផងដែរ៕