(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បានស្នើដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រូវខិតខំរៀបចំតុបតែងលម្អសោភណ្ឌភាព នៅតាមបណ្តាអង្គភាពរបស់ខ្លួនឱ្យបានលឿន និងចូលរួមបង្កលក្ខណៈឱ្យបានច្រើនកុះករ ក្នុងព្រឹត្តិការណ៍មហាសង្ក្រាន្ត «កោះសំពៅមាស» ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។

លោក ខូយ រីដា បានស្នើបែបនេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែមេសា ដោយបានការចូលរួមពីលោក លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្ត តំណាងសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក អធិការក្រុងស្រុក មេប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំសង្កាត់ទាំង៤៩ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ខូយ រីដា បានថ្លែងថា ស្របតាមអនុប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីខេត្ត រៀបចំកម្មវិធីសង្ក្រាន្តរៀងៗខ្លួន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋរៀងៗខ្លួននោះ, សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បាននឹងកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលឆ្នាំថ្មីនាពេលខាងមុខ ដោយមានការរៀបចំភ្លើងលម្អ តាមសួនច្បារសាធារណៈ និងរៀបចំកម្មវិធីសប្បាយផ្សេងៗ លេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ នៅលើបុរីវប្បធម៌កោះសំពៅមាស ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ផងដែរ។

លោកសូមស្នើដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត ត្រូវខិតខំរៀបចំតុបតែងលម្អសោភណ្ឌភាព នៅតាមបណ្តាអង្គភាពរបស់ខ្លួនឱ្យបានលឿន និងចូលរួមបង្កលក្ខណៈឱ្យបានច្រើនកុះករ ក្នុងព្រឹត្តិការណ៍មហាសង្ក្រាន្ត «កោះសំពៅមាស» ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។

ជាមួយគ្នានោះ លោក ខូយ រីដា បានដាក់ចេញនូវផែនការមួយចំនួន សម្រាប់យកទៅអនុវត្តន៍បន្ត និងបង្កលក្ខណៈ ឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទទួលបានជោគជ័យ រួមមាន៖
ទី១-ត្រូវពង្រឹកកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាអាទិភាពខ្ពស់ទីមួយ
ទី២-ការងារចរាចរណ៍ ត្រូវដាក់កម្លាំងត្រួតពិនិត្យ ឱ្យបានច្រើន ប៉ុន្តែត្រូវអនុវត្តន៍ដោយឥរិយាបទទន់ភ្លន់
ទី៣-គ្រប់មន្ទីរអង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវត្រួតពិនិត្យជាបន្ទាន់ ជុំវិញអនាម័យបរិស្ថាន
ទី៤-ត្រូវបន្តបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន
ទី៥-សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ ស្នើគ្រប់មន្ទីរអង្គភាព ត្រូវខិតខំរៀបចំតុបតែងលម្អភ្លើងព័ណ៌ និងត្រូវណែនាំដល់គ្រឹះស្ថានរដ្ឋ និងឯកជន ឱ្យដាក់ទង់ជាតិ ទង់ជ្វាលា និងទង់សាសនា ឱ្យបានសមរម្យ
ទី៦-ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រង់ជ្រោយ សម្រាប់ការបាញ់កាំជ្រួច និងឡានទឹក
ទី៧-រាល់បទល្មើស គឺជនល្មើសមិនគិតពីពិធីបុណ្យចូលឆ្នាំនោះទេ ដូច្នេះសូមត្រៀមមកម្លាំងល្បាតឱ្យបានជាប់ជាប្រចាំ
ទី៨-គ្រប់មន្ទីរអង្គភាព ត្រូវមានការលើកទឹកចិត្ត ដល់មន្ត្រីក្រោមឱវាទ ពិសេសមន្ត្រីចូលនិវត្តន៍ និងត្រូវអញ្ជើញពួកគាត់ ធ្វើការសំណេះសំណាល សួរសុខទុក្ខ និងចែកជូនវត្ថុកំដរដៃ ឱ្យបានមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕