(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានសូមអរគុណ និងសរសើរដល់មន្ត្រីគ្រប់ការិយាល័យទាំងអស់ បានបំពេញការងារ ប្រកបទៅដោយភាពទទួលខុសត្រូវ ជាពិសេសលើការផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋ គ្រប់សេវាទាំងអស់ មិនថាតែ សេវា ច្រកចេញចូលតែមួយ ឬក៏សេវាសន្តិសុខនោះទេ លទ្ធផលដែលទទួលបានមកនេះ គឺបង្ហាញពីការសាមគ្គីគ្នា ក្នុងការអនុវត្តការងារ ប្រកបដោយភាពទទួលខុសត្រូវ តាមតួនាទី និងជំនាញរៀងៗខ្លួន។

ការថ្លែងកោតសរសើរបែបនេះ របស់លោក ចេង មុនីរ៉ា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ខណៈលោកអភិបាល ជួបសំណេះសំណាលជាមួយមន្ត្រីសាលាខណ្ឌជាង១០០នាក់ មកពីគ្រប់ការិយាល័យចំណុះ ឲ្យរដ្ឋបាលខណ្ឌច្បារអំពៅ។

ក្រៅពីការកោតសរសើរ ដល់មន្ត្រីជំនាញគ្រប់ការិយាល័យ ដែលអនុវត្តភារកិច្ចប្រកបដោយ ភាពទទួលខុសត្រូវនោះ លោកអភិបាលខណ្ឌ បានណែនាំបន្ថែម ឲ្យមន្ត្រីជំនាញគ្រប់ការិយាល័យទាំងអស់ សូមបន្តពង្រឹងនូវស្មារតីទទួលខុសត្រូវទៅតាមជំនាញ តាមតួនាទីភារកិច្ច សហការគ្នាធ្វើការងារ ជាក្រុមកុំអត្តនោម័តដោយខ្លួនឯង។

លោកបន្ដថា គ្រប់ការិយាល័យទាំងអស់សូមពង្រឹងការគ្រប់គ្រង បញ្ជីវត្តមានរបស់មន្ត្រីជាប្រចាំ។ ចំពោះការងារសន្តិសុខ សូមយកចិត្តទុកដាក់ លើកិច្ចការពង្រឹងការងារសន្តិសុខ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបានល្អ។ ជាពិសេសត្រូវរួមគ្នាអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធិភាព។

លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា អ្នកដែលអង្គុយជាគណៈអធិបតីនៅខាងលើនេះ មិនអាចធ្វើតែ៥ ឬ៦នាក់នេះបានទេ ប្រសិនបើគ្មានការចូលរួមពីមន្ត្រីជំនាញគ្រប់ការិយាល័យនោះទេ លទ្ធផលដែលយើងទទួលបាននេះ គឺបង្ហាញយ៉ាងច្បាស់ថា បានមកដោយសារការរួមគ្នាអនុវត្តការងារដោយការសាមគ្គីគ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានរំលឹកឲ្យមន្ត្រីទាំងអស់ ពង្រឹងការអនុវត្តបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ៕