(សៀមរាប)៖ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបម្រែបម្រួលអាកាសធាតុនឹងនៅជាមួយប្រជាពលរដ្ឋ ជារៀងរហូត ដោយពុំមានការថយ ក្រោយវិញបានទេ។ សម្រាប់ការងារសំខាន់ដែលត្រូវធ្វើនោះ គឺត្រូវធ្វើយ៉ាងណាឱ្យកសិករចេះបន្ស៊ាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាសធាតុ តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ការចេះបង្កើតអេកូទេសចរណ៍ ឬយើងហៅថា គោលដៅលំហែកម្សាន្ត ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទាញចំណូលមិនរំខានដល់ព្រៃឈើទេ។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ពិធីបើកសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្ដីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលាខេត្ដសៀមរាប, លោក ជួប ប៉ារីស៍ បានឱ្យដឹងថា ដើម្បីថែរក្សាព្រៃឈើបានគង់វង្សយើងចាំបាច់ត្រូវឱ្យប្រជាសហគមន៍សហការជាមួយមន្រ្តីឧទ្យានុរក្សដោយក្នុងនេះធ្វើយ៉ាងណាល្បាត និងអភិរក្សព្រៃឈើឱ្យខានតែបាន។

មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងថា ការប្រែប្រួលអាកាសធាតុ ប្រជាពលរដ្ឋនឹងត្រូវជួបប្រទះ គឺមិនអាចថមថយឡើងវិញបានទេ តែអ្វីដែលត្រូវធ្វើនោះ គឺត្រូវបន្សំជាមួយនឹង ការប្រែប្រួលអាកាសធាតុ ព្យាយាមកាត់បន្ថយជីវៈឧស្ម័ន និងជំរុញឱ្យមានការយល់ដឹង ពីបញ្ហាបម្រែបម្រួលអាកាសធាតុ។ ការប្រែប្រួលអាកាសធាតុមិនមែន បណ្ដាលមកពីការកាប់ព្រៃឈើនោះទេ គឺមកពីការកើនឡើង មកពីបណ្ដាលប្រទេសធំៗ ដែលមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយសាយភាយ ទៅលើភពផែនដី ព្រមទាំងការដុតផូស៊ីលចេញពីប្រទេសឧស្សាហកម្មធំៗជាដើម។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជាជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដោយមិនមែនជាប្រទេសដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ។ ដូច្នេះ តាមរយៈការទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុនេះ អ្វីដែលអាចជួយកសិករបាន គឺយើងធ្វើយ៉ាងណាឱ្យពួកគាត់មានភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ព្រោះការប្រែប្រួលអាកាសធាតុនេះមានជាដរាប មិនមានការប្រួលប្រួលនោះទេ។ ការងារសំខាន់ដែលយើងធ្វើនោះ គឺត្រូវធ្វើយ៉ាងណាឱ្យកសិករចេះបន្ស៊ាំខ្លួនឯង ចេះរស់នៅជាមួយការប្រែប្រួលអាកាសធាតុ តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ការចេះបង្កើតអេកូទេសចរណ៍ ឬយើងហៅថា គោលដៅលំហែកម្សាន្ត ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ទាញចំណូលមិនរំខានដល់ព្រៃឈើទេ»

រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងទៀតថា ការបាត់បង់ព្រៃឈើ គឺជាការបាត់បង់ធនធានធម្មជាតិដ៏សំខាន់ ដែលអាចជួយទប់ស្កាត់ នៃការហូរច្រោះ ធ្វើឱ្យដីល្អ និងរក្សាបានទឹកក្រោមដី ជាជម្រកសត្វព្រៃដ៏សំខាន់។ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ បានដាក់គោលដៅទៅលើការដាំដុះព្រៃឈើ ក្នុងឆ្នាំ២០៥០ ឱ្យបានគម្របព្រៃឈើ៦០% ដើម្បីឱ្យក្លាយទៅជាប្រទេស ដែលមានអព្យាក្រឹតកាបូន។ ដើម្បីសម្រេចបានគោលដៅ របស់រដ្ឋាភិបាលអាណត្តិថ្មីនេះ ដំណាក់កាលទី១៖ គឺត្រូវដាំដើមឈើឡើងវិញ, ទី២៖ ត្រូវការពារព្រៃឈើ និងទី៣ ជួយដល់សហគមន៍ឱ្យពួកគាត់មានជីវភាពល្អប្រសើរ និងឱ្យពួកគាត់បានស្វែងយល់ពីអត្ថប្រយោជន៍ នៃព្រៃឈើ ដើម្បីកុំឱ្យរំខាន ឬកាប់ព្រៃឈើនោះទេ។

លោក ជួប ប៉ារីស៍ បានបន្ថែមថា នៅតាមបណ្ដាសាលាផ្សេងៗគឺបានអនុវត្តស្ទើតែ១០០% ទៅលើយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិក» ហើយជាគោលដៅបន្ទាប់ទៀត លោកមានគម្រោងបញ្ជ្រាបចំណេះដឹងទាំងនេះទៅដល់កម្មកររោងចក្រសហគ្រាសតូចធំ និងសាធារណជនផ្សេងទៀត ដើម្បីឱ្យពួកគាត់បានយល់ដឹង ពីផលប៉ះពាល់នៃការប្រើថង់ប្លាស្ទិក។

ជាមួយគ្នានេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានបញ្ចាក់ថា ដើម្បីចូលរួមចំណែក្នុងការអនុវត្តសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល៕