(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឲ្យការិយាល័យជំនាញ កោះហៅក្រុមមន្រ្តីនគរបាលចរាចរណ៍ទាំង១០នាក់ ដែលដាក់គោលដៅចាប់ផាកពិន័យ ប្រជាពលរដ្ឋនៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយ មកធ្វើការសួរនាំ ក្រោយមានការរិះគន់ខ្លាំង និងច្រើនដង ពីសំណាកបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលធ្លាប់ទទួលរងការសម្លុត និងចាប់ផាកពិន័យ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះថា «ក្រោយទទួលបានព័ត៌មាន និងការរិះគ​ន់យ៉ាងខ្លាំង និងជាច្រើនដង ចំពោះការចាប់ផាកពិន័យប្រជាពលរដ្ឋនៅគោលដៅលើផ្លូវហាណូយ ក្បែរស្ពានអាកាសផ្សារដីហុយ (បត់ឆ្វេងពីផ្លូវសហព័ន្ធរុស្ស៊ី ក្រោមស្ពានអាកាស មកផ្លូវហាណូយ) ឯកឧត្តម ឧត្តមសេនីយ៍ឯកស្នងការ បានឲ្យជំនាញហៅមន្រ្តីនគរបាលចរចរណ៍ទាំង១០នាក់ មកសួរនាំម្នាក់ម្តងៗ ដើម្បីមានចំណាត់ការបន្តទៀត»

សូមបញ្ជាក់ថា នៅគោលដៅចរាចរណ៍លើផ្លូវហាណូយ បត់ពីក្រោមស្ពានអាកាសផ្សារដីហុយមកបន្តិច ប្រជាពលរដ្ឋជាច្រើននាក់ បានជាប់នៅគោលដៅនេះខ្លាំងណាស់ ហើយត្រូវបានមន្រ្តីនគរបាលចរាចរណ៍ ផាកពិន័យក៏មិនណយដែរ មូលហេតុយកហេតុផលជាន់គំនូស ខណ:អ្នកបើកបរតវ៉ាស្ទើរគ្រប់គ្នា។

បើតាមប្រជាពលរដ្ឋ, មន្រ្តីនគរបាលចរាចរណ៍នៅគោលដៅនោះ បានបែងចែកឲ្យមន្រ្តីខ្លះអង្គុយចាំថតរូប រួចបាញ់ទៅខាងក្រុមមន្រ្តីដែលដាក់នៅគោលដៅខាងមុខ ដើម្បីចេញមកស្ទាក់ចាប់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានរិះគន់ យ៉ាងខ្លាំង ចំពោះមន្រ្តីនគរបាលម្នាក់រៀងធាត់ពាក់ម៉ាក់ តែងតែប្រើពាក្យសំដីសម្លុត គំរាមកំហែងយកម៉ូតូ យកឡានទៅស្នងការ ហើយមិនដែលប្រើពាក្យសមរម្យជាមួយអ្នកដំណើរនោះទេ។

ប្រជាពលរដ្ឋដែលធ្លាប់ជាប់នៅគោលដៅនេះ បាននិយាយថា ពេលត្រូវបានចាប់ផាក គឺក្រុមមន្រ្តីទាំងនេះទារលុយគ្មានការយោគយល់នោះឡើយ ហើយបើអ្នកមិនចង់វែងឆ្ងាយក៏ហុច១០ដុល្លារ ៥ម៉ឺន ឬលើសហ្នឹងក៏មាន។ តើបើអ្នកដែលមិនមានលុយទេ ទោះអង្វរយ៉ាងណា ក៏មិនមានការយោគយល់ដែរ ដោយប្រាប់ឲ្យអ្នកផ្ទះបាញ់លុយមកទៀតផង។

បើតាមប្រជាពលរដ្ឋ, ពួកគាត់ថា ការចាប់ភាគច្រើនគឺយកហេតុផលជាន់គំនូស ខណៈពួកគាត់មិនបានដឹង ហើយក៏ពេលខ្លះអះអាងថា ខ្លួនមិនបានបើកខុសនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះប្រកែកមិនឈ្នះឡើយ ក៏សុខចិត្តព្រមបង់លុយពេញ ឬបង់លុយមួយចំនួនដើម្បីបានធ្វើដំណើរទៅមុខទៀត។

មានប្រជាពលរដ្ឋមួយចំនួន ជាពិសេសអ្ន​កដែលបានធ្លាប់ជាប់នៅគោលដៅនេះ បានបញ្ចេញជាយោបល់តាមបណ្តាញសង្គមដូចខាងក្រោម៖

*ឈ្មោះ So Seim Chenda៖ គោលដៅនឹងចាប់យកលុយតែម្តង មិនមានកាអប់រំដល់ពលរដ្ឋទេ ខ្ញុំ​ធ្លាប់ជាប់ម្តងដោយហេតុផលឈប់លើគំនូស។

*ឈ្មោះ Mo Lyka៖ ព្រោះកើតឡើងមកលើខ្ញុំ ខ្ញុំខំលើកដៃម្រាម១០សំពះ លើកលែងម្ដងទៅ តែមិនព្រមទេ។ ដល់ប្រជាពលរដ្ឋរាយការណ៍ដល់ថ្នាក់លើថាប្រជាពលរដ្ឋខូច និយាយបំភ្លើស តែតាមការពិតមន្ត្រីទេ ដែលអនុវត្តលើសពីដែនកំណត់ ​នៃច្បាប់ចរាចរណ៍ផ្លូវគោក

*ឈ្មោះ ស៊ីង ឡុង៖ កន្លែងនឹងចាប់ខ្លាំងណាស់ រឿងជ្រុលដំណើរ លោតលឿង និងលើគំនូស 👌😂😂 ជាក់ស្តែង អកសឺណាស់ព្រោះមាន កត្តាច្រើន

*Lin Hof៖ ភ្លើងស្តុបខ្លីមានរយៈពេលតែ​ ១៥វិនាទី ហើយអត់មានលោតលេខឲ្យមើលទេ ឆ្លងអត់ទាន់ឈប់លើគំនូស គឺអស់១៥ម៉ឺនរៀលហើយ

*Panha Rlt៖ ស្តុបមិនមានពណ៌លឿងទេ ហើយពណ៌ខៀវលោតៗ ប៉ូលីសចាប់ម៉ង ឈប់ក៏ចាប់ ទៅមុខក៏ចាប់ 😂😂😂

*Phai Minea៖ ស្តុបនាទីខ្លី ហើយឡានទៅបន្តកន្ទុយគ្នា

*Kleang SreyLin៖ ខ្ងុំជាប់ហើយៗនិយាយទៅគឺមុខលុយសាហាវ

*Putheachey Choen៖ នេះមិនមែនជាការអនុវត្តតាមអនុសាសន៍ទេ វាទៅជាអាជីវកម្មហើយ

*Narith Roith៖ តាមដឹងកាលជាន់លើគំនូស គឺអប់រំមិនមែនផាកពិន័យទេ៕