(បាត់ដំបង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញធ្វើដំណើរ ទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស នាឱកាសត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

បេសកកម្មរបស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ មានការអញ្ជើញចូលរួមពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គនាយកអន្តោប្រវេសន៍, លោកអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីច្រកទ្វារភាគីថៃ បានឡែម មួយចំនួនទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី ផាត់ វីរៈ ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិដូង បានឲ្យដឹងថា ក្រុមមន្ត្រីបានត្រៀមលក្ខណៈផ្ដល់សេវា ទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរ បានយ៉ាងល្អ។ ចំណែកបងប្អូនពលករ ក៏បង្ហាញនូវក្ដីរីករាយចំពោះនីតិវិធី ដ៏លឿនរហ័សដែលមន្ត្រី បានបំពេញជូនពួកគាត់ផងដែរ។

បន្ទាប់ពីបញ្ចប់ការសំណេះសំណាលខ្លី ជាមួយបងប្អូនប្រជាពលករខ្មែរនៅច្រកទ្វារអន្តរជាតិដូង អភិសន្តិបណ្ឌិត ស សុខា បានបន្តដំណើរក្នុងចំងាយផ្លូវជាង១២០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលនៅទីនោះ ក្រុមមន្ត្រីច្រកទ្វារ ក៏កំពុងមានភាពមមាញឹក ក្នុងការផ្ដល់សេវាជូនពលរដ្ឋ ពិសេសពលរដ្ឋជាពលករផងដែរ។

បងប្អូនពលករខ្មែរ បើទោះជាត្រូវបន្តដំណើរចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់ស្រុកកំណើតតាមបណ្ដាខេត្ត រៀងៗខ្លួនក៏ពិតមែន ប៉ុន្តែពួកគាត់បានបង្ហាញអារម្មណ៍ រំភើបរីករាយប្រកបដោយភាពកក់ក្ដៅ រង់ចាំទទួលការសំណេះសំណាលខ្លី ជាមួយលោកអភិសន្តិបណ្ឌិត។

អភិសន្តិបណ្ឌិត ស សុខា បានជម្រាបជូនបងប្អូនពលករថា ការអនុវត្តនីតិវិធីងាយស្រួលជាងមុន សម្រាប់ដំណើរវិលចូលប្រទេសរបស់បងប្អូន គឺជាការប្រតិបត្តិតាមគោលការណ៍ឯកភាពគ្នា ដ៏ខ្ពង់ខ្ពស់រវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីនៃប្រទេសថៃ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរចេញ និងចូលរវាងពលរដ្ឋនៃប្រទេសទាំងពីរ នាឱកាសបុណ្យចូលឆ្នាំថ្មី។

អភិសន្តិបណិត ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកដែលប្រចាំការ នៅតាមបណ្ដាច្រកទ្វារព្រំដែន ចំពោះការខិតខំបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ វិលត្រឡប់ចូលប្រទេស ដើម្បីអបអរសាទរឆ្នាំថ្មី ជាមួយក្រុមគ្រួសារ។

លោកក៏បានស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ប្រសិនបើត្រូវចំណាយពេលរង់ចាំទទួលសេវាក្នុងគ្រា ដែលមានអ្នកដំណើរចេញចូលច្រើននេះ៕