(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានលោក សុខ លូ ជាអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានចាត់តំណាងក្រុមការងារសាខាដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិកាសាខា និងសហការីបានអញ្ចើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១៧៤គ្រួសារ និងគ្រួសាររងគ្រោះដោយខ្យល់កន្រ្ទាក់២៨គ្រួសារ មកពី៣៨ភូមិ ក្នុងឃុំទាំង៥ នៃស្រុករុក្ខគីរី ខេត្តបាត់ដំបង។

សំណេះសំណាលក្នុងបរិយាសដ៏ស្និទ្ឋស្នាលជាមួយប្រជាពលរដ្ឋ, លោកបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាបាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក សុខ លូ ជាពិសេសសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជំរាបជូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ដោយបានបញ្ជាក់ថា លោក និងសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយនឹងការផ្តល់អំណោយសម្រាលការលំបាកទាំងអស់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដូច្នេះតាមរយៈក្នុងអង្គពិធីថ្ងៃនេះ លោកក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិនរស់នៅមានអនាម័យល្អនិងប្រុងប្រយត្ន័ការពារសុខភាពអំឡុងពេលធាតុក្តៅ។

ចំពោះស្ត្រីមានកូនតូច ឬមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជំនាញយ៉ាងតិចឱ្យបាន ៤ដង ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាព ហើយបើបងប្អូនមានជំងឺសូមប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅជិតបំផុតឱ្យបានទាន់ពេលវេលា កុំបង្អង់យូរដែលនាំគ្រោះថ្នាក់ដល់អាយុជីវិត។

លោកអនុប្រធាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមយកចិត្តទុកដាក់អំពីសុវត្ថិភាព ក្នុងការធ្វើដំណើរលើដងផ្លូវចៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាសម័យ កាលមុនមានបងប្អូនយើងជាច្រើនបានរងគ្រោះធ្លាក់ខ្លួន ពិការដោយសារសង្គា្រម តែបច្ចុប្បន្ននេះយើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។

ទន្ទឹមនឹងនេះ លោកអនុប្រធានបានបញ្ជាក់ថា បងប្អូនរស់នៅក្នុងប្រទេសមានសន្តិភាពហើយ ត្រូវខិតខំកសាងសុភមង្គលគ្រួសារ ដោយមិនត្រូវប្រើអំពើហិង្សាក្នុងគ្រួសារ និងសូមចៀសវាងការប្រព្រឹត្តទង្វើគ្រប់បែបយ៉ាងដែលនាំឱ្យ ការកើតមានអំពើហិង្សាក្នុងគ្រួសារ។

ជាកិច្ចឆ្លើយតបប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស,ទឹកត្រី១យួ,ទឹកស៊ីអ៉ីវ១យួរ ទឹកបរិសុទ្ធ១កេសនិង ត្រីខ ១០កំប៉ុង,ដោយគ្រួសារគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២៨ គ្រួសារបន្ថែមឃីត មាន(មុង១ក្រមា១)និងសំពត់តង១ផងដែរ៕