(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្មេង គឺជាក្រុមមនុស្ស ស្ថិតក្នុងវ័យលូតលាស់ទាំងរាងកាយ និងប្រាជ្ញា ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត លើការផ្គត់ផ្គង់អាហារូបត្ថម្ភ។

លោកបណ្ឌិតសភាចារ្យ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤​ បានបរិច្ចាគទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ដល់កុមារកំព្រា និងពិការ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ។

បើតាមលោកបណ្ឌិតសភាចារ្យ សុខ ទូច ការបរិច្ចាគអាហារូបត្ថម្ភដល់កុមារ ក៏មានសារៈសំខាន់សម្រាប់ពួកគេផងដែរ ពីព្រោះក្មេងអាចមិនដែលហូបរបស់ប្លែកៗ ដូចមនុស្សចាស់, ការបរិច្ចាគ នឹងក្លាយជាគំរូដល់ក្មេង ហើយពួកគេនឹងអាចក្លាយជាអ្នកបរិច្ចាគនៅថ្ងៃអនាគត និងម្យ៉ាងទៀត​ ការបរិច្ចាគដល់ក្មេង ជាហេតុនាំឱ្យពួកគេចងចាំសេចក្តីល្អ ដូចសុភាសិតខ្មែរថា ហុចអំបោះស្រណោះដៃ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ លោកបណ្ឌិតសភាចារ្យ បានអញ្ជើញបរិច្ចាគទឹកដោះគោស្រស់ ដល់ទីតាំងផ្សេងទៀត រួមមាន មជ្ឈមណ្ឌលកូលាបទី៤ អង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលឪពុកម្តាយពួកគាត់ជាប់ឃុំឃាំង និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី ជាដើម។

លោកថ្លែងថា «សូមឱ្យក្មួយៗទទួលទានដើម្បីការលូតលាស់ ព្រោះទឹកដោះគោស្រស់នេះគឺជាអាហារសំណង់ ដ៏ចាំបាច់សម្រាប់កុមារ»។

លោកស្រី ថោ ពៅ ប្រធានមជ្ឈមណ្ឌលទារក និងកុមារជាតិ បានលើកឡើងថា នេះមិនមែនជាលើកទី១ នោះទេ ដែលលោកបណ្ឌិតសភាចារ្យ សុខ ទូច ចែកទឹកដោះគោស្រស់ដល់មជ្ឈមណ្ឌលទារក និងកុមារជាតិ។ លោកស្រី បានថ្លែងអំណរគុណ ដល់លោកបណ្ឌិតសភាចារ្យ ដែលថ្ងៃនេះ លោកអញ្ជើញចែកទឹកដោះគោស្រស់ដោយផ្ទាល់ នៅមជ្ឈមណ្ឌល និងបានឃើញទិដ្ឋភាពជាក់ស្តែង របស់កុមារកំព្រា និងពិការផងដែរ៕