(ភ្នំពេញ)៖ លោក បិុល កុសល អភិបាលខណ្ឌសែនសុខ បានអំពាវនាវឲ្យប្រជាពលរដ្ឋ​ ក្នុងមូលដ្ឋានរបស់លោក នាំសត្វគោចិញ្ចឹមទៅចាក់ថ្នាំបង្កាឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០៧ ខែកញ្ញានេះ តទៅ ព្រោះថា​ការចាក់ថ្នាំនេះ មិនមានគិតប្រាក់អ្វីទាំងអស់។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង ខណៈដែលលោកអភិបាលខណ្ឌ ចូលរួមក្នុងពិធីចាក់ថ្នាំបង្កា​ជម្ងឺ​សារទឹក និងជម្ងឺអុតក្តាម ឲ្យសត្វគោ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ពិធីនេះក៏មានការ​ចូលរួមពី មន្ត្រី​​​ការិយាល័យ​​ផលិត​កម្ម និងបសុព្យាបាល​​​ នៃ​មន្ទីរ​កសិ​កម្ម​រាជធានី​ភ្នំពេញ លោក ចៅសង្កាត់ឃ្មួញ និងមន្ត្រីសាលាខណ្ឌ ជាច្រើននាក់ទៀតផងដែរ។

​ជាមួយគ្នានោះ លោក ជេត ​ផល្លា ​​ប្រធានការិយាល័យ​​ផលិត​កម្ម​ និង​​បសុព្យាបាល​​​ បាន​ឱ្យ​​ដឹង​ថា ​​ជារៀង​រាល់​​ឆ្នាំ លោក​តែង​តែ​​​ដឹកនាំ​​​មន្ត្រី​​បសុ​ព្យាបាល​ ចុះ​ទៅ​ចាក់ថ្នាំ​​​បង្កាជម្ងឺសារទឹក ​អុត​ក្តាម ​​បូស​ខ្យល់ ​​ដល់​សត្វគោ របស់​​ប្រជា​ពលរដ្ឋ​​ដែល ​រស់នៅ​ក្នុង​​​រាជ​ធានី​ភ្នំពេញ​ ដោយ​ក្នុង​​១​ឆ្នាំ​ ចាក់ថ្នាំបង្កាចំនួន​​​២ដង។

លោក បានបញ្ជាក់ផងដែរថា នេះ​​​​ជា​លើកទី​​២​ នៅក្នុង​​យុទ្ធនាការ​​​​ចាក់ថ្នាំ​​បង្កាជម្ងឺដល់​សត្វគោនេះ បើ​តាម​​គម្រោង​​សត្វគោប្រមាណ​​​​ជាង២០០​​​​ក្បាល ត្រូវ​បានត្រៀមទទួលការ​ចាក់​ថ្នាំ​​បង្កា​ជម្ងឺ​សារទឹក ជម្ងឺអុត​ក្តាម ​និងជម្ងឺបូស​ខ្យល់​៕