(សៀមរាប)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតមួយ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការប្រយុទ្ធនឹងភាពស្គមស្គាំងកុមារ ក្រោមប្រធានបទ « រួមគ្នាប្រយុទ្ធនឹងភាពស្គមស្គាំងកុមារ ដែលគំរាមកំហែងជីវិតកូនយើង» នៅស្រុកសូទ្រនិគម ខេត្តសៀមរាប។

ពិធីនេះផងដែរ មានការចូលរួម ដោយ Dr Will parks ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងរដ្ឋបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធក្នុងខេត្ត ស្រុកសូទ្រនិគម និងប្រជាជននៅមូលដ្ឋានជនបទ ជាពិសេសក្រុមស្ត្រីដែលមានកូនអាយុក្រោម ៥ឆ្នាំ អ្នកថែទាំកុមារតូចៗ មណ្ឌលសុខភាព និងភាគីពាក់ព័ន្ធនានាទៅនឹងវិស័យអាហារូបត្ថម្ភ។

ទន្ទឹមនេះ ដើម្បីធ្វើឲ្យសម្រេចគោលដៅ នៃផែនការសកម្មភាពសកល ឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ លោកបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានផ្តល់អនុសាសន៍ មួយចំនួនដូចជា៖
១៖ តាមបណ្តារាជធានី ខេត្ត ត្រូវចែករំលែកព័ត៌មាន និងបទពិសោធន៍ការងារលើការប្រយុទ្ធ នឹងភាពស្គមស្គាំងកុមារ តាមរយៈយន្តការក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ថ្នាក់រាជធានី ខេត្តទូទាំងប្រទេស
២៖ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ផលិតភាព ពិពិធភាវូនីយកម្មដំណាំ ផ្លែឈើចម្រុះ ចិញ្ចឹមសត្វ និងវារីវប្បកម្មសម្រាប់ការប្រើប្រាស់ក្នុងសហគមន៍ និងគ្រួសារ ឆ្លើយតបទៅនឹងបរិមាណ និងគុណភាពម្ហូបអាហារ ដែលរាងកាយកុមារត្រូវបឺតស្រូប និងប្រើប្រាស់សម្រាប់ការពារជំងឺនានា រួមនឹងការប្រើប្រាស់ទឹកមានសុវត្ថិភាពសម្រាប់ហូបប្រើប្រាស់បង្គន់អនាម័យ មានទម្លាប់លាងសម្អាតដៃ ជាមួយសាប៊ូ នឹងសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាតជាប្រចាំ
៣៖ ដើម្បីលើកកម្ពស់របបអាហារសុខភាព ត្រូវជំរុញលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋបរិភោគអាហារចម្រុះមុខ រួមមាន៖ គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងរក្សាអនាម័យល្អ និងសុខភាពល្អ
៤៖ ត្រូវបន្តពង្រីក និងពង្រឹងការទទួលបានសេវាអាហារូបត្ថម្ភ តាមរយៈលើកកម្ពស់ការផ្តល់ចំណេះដឹងដល់ប្រជាជន ឪពុកម្តាយ ដែលមានកូនអាយុក្រោម៥ឆ្នាំ ការអប់រំស្តីពីទឹកស្អាត និងអនាម័យ ការផ្លាស់ប្តូរទម្លាប់រស់នៅប្រកបដោយអនាម័យល្អ ការលើកកម្ពស់ការយល់ដឹង និងពង្រឹងគុណភាពប្រព័ន្ធស្បៀង ប្រព័ន្ធអប់រំ និងប្រព័ន្ធគាំពារសង្គម៕