(តាកែវ)៖ ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារមកពីភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានតវ៉ានៅមុខតុលាការខេត្តតាកែវ ដោយទាមទារឱ្យតុលាការ និងបានអំពាវនាវ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយរកយុត្តិធម៌ជូនពួកគាត់ ក្រោយពីអតីតប្រធានការរិយាល័យសូរិយោដីស្រុក បានប្ដឹងពួកគាត់មកកាន់ តុលាការខេត្តពីបទ «រំលោភដីអាស្រ័យផល» ដែលដីទាំងអស់នេះពួកកាត់បានរស់នៅជិត៤០ឆ្នាំកន្លងមកហើយ។

បងប្អូនប្រជាពលរដ្ឋ បានប្រាប់បណ្ដាញសារព័ត៌មាននៅមុខតុលាការខេត្តតាកែវថា ឈ្មោះ ញ៉ៅ លី អតីតប្រធានការិយាល័យសូរិយោដីស្រុកបុរីជលសារ បានប្ដឹងចោទបំពានថា ប្រជាពលរដ្ឋបានសង់ផ្ទះរស់នៅ និងអាស្រ័យផល លើដីរបស់គាត់ តែតាមការពិតប្លង់ដីដែលបុគ្គលឈ្មោះ ញ៉ៅ លី មានទើបតែធ្វើឆ្នាំ១៩៩៣ ប៉ុណ្ណោះ ចំណែកបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រូសារបានមករស់នៅ សង់ផ្ទះ អាស្រ័យផលតាំងពីឆ្នាំ១៩៨០មកម្ល៉េះ ហើយការមក រស់នៅនេះមានទាំងបង្កាន់ដៃងាស្រ័យផល ដែលទទួលស្គាល់ដោយលោកមេភូមិ មេឃុំ ថែមទៀតផង។

បងប្អូនប្រជាពលរដ្ឋ បានសំណូមពរដល់តុលាការខេត្តតាកែវ ទម្លាក់ចោលការចោទប្រកាន់ និងបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ជួយអន្តរាគមន៍បញ្ហានេះ ដោយជួយសើររើការលួចធ្វើប្លង់ដីរបស់បុគ្គល ញ៉ៅ លី ដែលបានលួចធ្វើប្លង់យកដីប្រជាពលរដ្ឋដោយមិនឲ្យប្រជាពលរដ្ឋបានដឹង ហើយថែមទាំងប្ដឹងប្រជាពលរដ្ឋមកកាន់តុលាការថែមទៀតផង។

អតីតមេភូមិអង្គក្រូច ស្រុកបុរីជលសារ ដែលបានរៀបចំដីនៅក្នុងភូមិនេះ បានអះអាងថា លោកមិនបានដឹងថាដីនៅតំបន់នេះមានកម្មសិទ្ធិរបស់បុគ្គលឈ្មោះ ញ៉ៅ លី នោះទេ គឺឃើញថាបងប្អូនប្រជាពលរដ្ឋបានរស់នៅជាយូរឆ្នាំ មកហើយ ដូច្នោះសូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានកាន់កាប់ដីដោយស្របច្បាប់ផង៕