(កំពង់ធំ)៖ ក្រុមការងារប្រែប្រួលអាកាសធាតុនៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍បានរៀបចំគម្រោងស្តីពីការកសាងភាពធន់នឹងអាកាសធាតុ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក ជនបទនៅកម្ពុជា ដោយគាំទ្រហិរញ្ញវត្ថុជាជំនួយឥតសំណង (grant) ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) ដោយអនុវត្តនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។

តាមរយៈគម្រោងនេះមានប្រជាពលរដ្ឋជាច្រើនពាន់នាក់ នៅក្នុងសហគមន៍ក្នុងស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានទទួលផលប្រយោជន៍ដោយផ្ទាល់តាមរយៈការប្រើប្រាស់ក្នុងសហគមន៍ទៅលើការរស់នៅ ប្រចាំថ្ងៃ ក៏ដូចជាស្រោចផលដំណាំកសិកម្ម។

លោក គីម ឆាយណា មន្ត្រីសារពើពន្ធឧស្ម័នផ្ទះកញ្ចក់ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា នៃក្រសួងបរិស្ថាន ដំណាក់កាលទី៣ បានបញ្ជាក់ គម្រោងស្តីពីការកសាងភាពធន់នឹងអាកាសធាតុសម្រាប់ ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជា បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់សកម្មភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្គត់ផ្គង់ទឹកជនបទ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

មន្ត្រីគម្រោងរូបនេះ បានឱ្យដឹងថា គម្រោងបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្គត់ផ្គង់ទឹកជនបទ បានបង្កើតក្រុមប្រើប្រាស់ទឹកចំនួន៦ក្រុម មានសមាជិក៦៨០នាក់ (ស្ត្រី៥0%) ដើម្បីគ្រប់គ្រង និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកទាំងនោះ។

សមិទ្ធផលសំខាន់ៗក្រោមការអនុវត្តគម្រោងមានដូចជា បានខួងអណ្តូង បំពាក់ម៉ូទ័រប៉ូមទឺកអូតូ ដោយប្រើសូឡា និងស៊ីទែនទឹកចំណុះ ៥០០០លីត្រចំនួន៣ គឺអណ្តូងជម្រៅ៤៨ម៉ែត្រ នៅក្នុងភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក, អណ្តូងជម្រៅ៥០ម៉ែត្រ នៅក្នុងភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក, អណ្តូងជម្រៅ ៤៧ម៉ែត្រ នៅក្នុងភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។

ចំពោះស្រះទឹកសហគមន៍ ដោយគឺមានបំពាក់ស្នប់ច្នៃ និងប្រព័ន្ធចម្រោះចំនួន៣ ដោយស្រះទំហំបណ្តោយ១០០ម៉ែត្រ ទទឹង៥០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ (មាឌស្រះ២ម៉ឺនម៉ែត្រគូប) នៅក្នុងភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។ ស្រះទំហំបណ្តោយ១០០ម៉ែត្រ ទទឹង៥០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ (មាឌស្រះ១ម៉ឺន ៥ពាន់ម៉ែត្រគូប នៅក្នុងភូមិ ស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ។ ស្រះទំហំបណ្តោយ៥០ម៉ែត្រ ទទឹង៣៥ម៉ែត្រ និងជម្រៅ៤ម៉ែត្រ នៅក្នុងភូមិល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ។

សម្រាប់លោក ថេង ថេម មេភូមិអណ្តាស ឃុំសាលាវិស័យ បានថ្លែងថា អាកាសធាតុមានការប្រែប្រួល បានធ្វើឱ្យប្រភពទឹកបានបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យប្រជាពលរដ្ឋ ជួបការលំបាកក្នុងការប្រើប្រាស់ទឹក។ ការជីកស្រះ ក្រោមគម្រោងនេះបានធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ទទួលបានទឹកប្រើប្រាស់បានងាយស្រួលខួបប្រាំង និងវស្សា។

គម្រោងកសាងភាពធន់ នឹងអាកាសធាតុបានអនុវត្តដោយជោគជ័យ ១០០ភាគរយ ដោយក្នុងនេះបានជីកស្រះទឹក និងអណ្តូងទឹក ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន៣ នៅស្រុកប្រាសាទបល្ល័ង្ក និងកំពង់ស្វាយ ខេត្តកំពង់ធំ។ គម្រោងមួយនេះបានផ្តល់ប្រភពទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ ក្នុងសហគមន៍ ទៅលើការរស់នៅប្រចាំថ្ងៃ ក៏ដូចជា ស្រោចផល ដំណាំកសិកម្មរបស់ពួកគាត់៕